(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បានឲ្យដឹងតាមរយៈ Facebook របស់លោក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយស្នើឲ្យសារព័ត៌មានដើមត្នោត​បង្ហាញឈ្មោះជំនួយការ​ជានាយទាហានចំនួន២០នាក់របស់លោក ដែលសារព័ត៌មានដើមត្នោតចុះផ្សាយនៅថ្ងៃម្សិលមិញ ដែលការចុះផ្សាយ​ត្រូវបានលោក ហ៊ុន ម៉ាណែត អះអាងថា មិនមែនជាការពិត។

សារព័ត៌មានដើមត្នោត បានចេញផ្សាយដោយដាក់ចំណងជើងថា៖ «​កូនប្រុស​ច្បង​បុរស​ខ្លាំង​ដែលជា​ទាហាន​ពាក់​ផ្កាយ​៣ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម មាន​ទាហាន​ជាង​២០​នាក់​ជា​ជំនួយការ»។ តាមរយៈ Facebook របស់លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានរៀបរាប់យ៉ាងដូច្នេះថា៖

«ដល់ខួបបង្កើតរឿងប្លែកៗទៀតហើយ។ គ្រាន់តែចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺបើកទូរស័ព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មាន ប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេ ដោយថាខ្ញុំមានជំនួយការដល់ទៅជាង ២០នាក់ហើយ ពាក់សុទ្ធតែសក្តិ៥។ អានភ្លាមខ្ញុំផ្ទុះសំណើច​ហើយគ្រវីក្បាលរហូត​ដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មី ដែលធ្វើឲ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត។ ពេលជាមួយ​គ្នាខ្ញុំក៏ឆ្ងល់ថា តើជំនួយការរបស់ខ្ញុំសក្តិ៥ ទាំង២០នាក់ជាងនោះមក ពីណាហើយមានឈ្មោះអ្វីខ្លះ?

ខ្ញុំក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ ៣ ដងហើយខំប្រឹងមើលថា តើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់​របស់ខ្ញុំខាងលើទេ ពោលគឺមាន បង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញ ជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង ២០នាក់ដែលសុទ្ធតែជាសក្តិ៥។ ដើម្បីឲ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាអោយអ្នកអានព័ត៌មានដើមត្នោត បានឃើញការពិត ខ្ញុំសូមអោយសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអញ្ចឹង។

បើបានដូច្នេះ នឹងជួយអោយខ្ញុំអស់ឆ្ងល់ និងឲ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោត បានទទួលភាពកក់ក្តៅពីសារព័ត៌មាន​នេះថា ជាសារពត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយ​គ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ។ ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឲ្យសារពត៌មាន​ដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មាន ដែលមានលក្ខណ:ជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើ នោះគឺកែសម្រួលខ្លឹមសារពត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារ​ឬភស្តុតាងគ្រប់គ្រាន់ដើម្បីជា​មូលដ្ឋានសម្រាប់ពត៌មានដែលខ្លួនបានចុះផ្សាយនោះទេ។ ខ្ញុំជឿថា បងប្អូនជាច្រើននាក់ប្រាកដជា សង្ឃឹមដូចខ្ញុំដែរថា សារពត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នានឹងបានដឹងការពិត ហើយក៏អាចឃើញថាសារពត៌មានដើមត្នោតជាសារពត៌មានប្រភេទណា។ សូមអរគុណទុកជាមុន»៕