(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងដល់អតិថិជន និងសាធារណជន ឲ្យបានជ្រាបថា ប្រាសាក់ គឺជាគ្រឹះស្ថានឯកជន និងមិនមែនជាគ្រឹះស្ថានរបស់រដ្ឋ ទេ។ លើកពីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំពីអតិថិជន និងសាធារណជន ប្រាសាក់ បានធ្វើការផ្លាស់ប្ដូរនិមិត្តសញ្ញា (Logo) ដែលផ្លាស់ប្តូរអក្សរ «៛» ចេញជំនួយវិញដោយពាក្យថា «ប្រាសាក់» កុំឲ្យច្រឡំជាមួយធនាគារជាតិនៃកម្ពុជា។
សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឯកជនទាំងអស់ ដែល Logo ស្រដៀងគ្នានឹងស្ថាប័នរដ្ឋ ត្រូវប្តូរចេញជាបន្ទាន់ ដើម្បីកុំមានការភ័ន្តច្រឡំ ថាជារបស់រដ្ឋ។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងនោះប្តូរឲ្យបានមុខថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕