(ពោធិ៍សាត់)៖ រយៈពេល២សប្តាហ៍ អង្គការ Halo Trust សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកវាលវែង និងកម្លាំងប៉ុស្តិ៍អន្លង់រាប បានចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបាន១០៦គ្រាប់ តាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលគ្រាប់ទាំងអស់នោះសុទ្ធសឹងជាគ្រាប់ដែលនៅសេសសល់ តាំងពីសម័យសង្គ្រាម។
ប្រតិបត្តិការនេះធ្វើឡើងចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៧ និងកម្ទេចចោល នៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រយៈពេល២សប្តាហ៍ គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈនេះ កម្លាំងរបស់លោក និងបុគ្គលិកអង្គការ Halo Trust បានសហការប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅ សេសសល់ពីសម័យសង្គ្រាម នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលបាននឹងកំពុងមមារញឹកសាងសង់បានចំនួន១០៦គ្រាប់ មានដូចជា៖ គ្រាប់ MBV8A ៣៥គ្រាប់ គ្រាប់ TYPE ៦៩គ្រាប់ គ្រាប់ DK82 ០១គ្រាប់និងគ្រាប់ PG ០១គ្រាប់។
លោកអធិការបានបន្តថា «ក្រោយពេលប្រមូលបានហើយនោះ អង្គការ Halo Trust បានកម្ទេចចោលនៅទីនោះតែម្តង ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងឡាយណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ (Halo Trust) ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»៕