(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង បានទៅជួប លោក សម រង្ស៊ី នៅទីក្រុងហុងកុង។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលបានទៅជួបជាមួយ លោក សម រង្ស៊ី នៅទីក្រុងហុងកុង បានលួចទម្លាយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា នៅក្នុងជំនួបនោះ មានការពិភាក្សាអំពីការតែងតាំងប្រធានម្នាក់ និងអនុប្រធាន៣នាក់ របស់គណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបង្ហើបឱ្យដឹងថា ប្រធានគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះ នឹងបានទៅលើលោក កឹម សុខា ហើយចំណែកអនុប្រធាន៣នាក់នោះ គេមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្នុងនោះមានម្នាក់ គឺជា លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី នាពេលនេះ។
មន្រ្តីបក្សប្រឆាំងរូបនោះ បានបញ្ជាក់ថា បន្ទាប់ពីមានការរៀបចំរចនាសម្ព័ន្ធថ្មីហើយនោះ ឥទ្ធិពលរបស់ លោក សម រង្ស៊ី នឹងបាត់បង់ទាំងស្រុង នៅក្នុងបក្ស ហើយគ្មានឱកាសនឹងមកធ្វើនយោបាយនៅកម្ពុជាទៀតឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចំនួន៩រូបបានទៅជួបលោក សម រង្ស៊ី យ៉ាងសម្ងាត់នៅទីក្រុងហុងកុង។ តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិ ទាំង៩រួមមាន លោក អេង ឆៃអ៊ាង, លោក ជា ប៉ូច, លោក ដាង ចំរើន, លោក គង់ សភា, លោក វណ្ណ ណារិទ្ធ, លោក អ៊ុ វីររដ្ឋ, លោក ញឹម ញ៉េង, លោក តាន់ ណារិន និង លោក ហេង រស្មី៕
រូបភាពក្រុមតំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិទៅជួបលោក សម រង្ស៊ី នៅហុងកុង