(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បានអញ្ជើញត្រឡប់ទៅកាន់សណ្ឋាគារ សូហ្វីតែលវិញ បន្ទាប់ពីពិធីលៀងសាយភោជន៍នៅព្រះបរមរាជវាំងបានបញ្ចប់។

នៅវេលាម៉ោង៧យប់ថ្ងៃពុធនេះ លោកប្រធានាធិបតីឡាវ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ។

សូមជំរាបថា លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។​

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញ, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕