(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២២ ខែកុម្ភៈនេះថា រថយន្តស៉ីម៉ាក់ចំនួន៨៨គ្រឿង និងគ្រឿងចក្រកំទេចមីនចំនួន៩គ្រឿង បានចេញដំណើរពីប្រទេសជប៉ុន តាមកប៉ាល់ ដឹកមកកម្ពុជាហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយតាមការគ្រងទុកនឹងមកដល់កម្ពុជា នៅសប្តាហ៍ទី៣ ខែមីនា ខាងមុខនេះ។
លោកបញ្ជាក់ថា គ្រឿងចក្រកំទេចមីន និងរថយន្តទាំងនេះជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់មករាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនអង្គភាពសុីម៉ាក់។ រថយន្តនិងគ្រឿងចក្រកំទេចមីនទាំងនេះជាផែ្នកមួយនៃជំនួយសំភារៈបចេ្ចកទេសដោះមីន ដែលមានថវិកាជាង១៣០០លានយ៉េន (ប្រមាណ១២លានដុល្លាអាមេរិក)។
លោកបានបញ្ជាក់ទៀតថា ម៉ាសុីនរាវមីនចំនួន៧៨៨គ្រឿងផលិតនៅប្រទេសអាល្លឺម៉ង់ និងអាវក្រោះចំនួន៤៥០កំប្លេរបានមកដល់ឃ្លាំងរបស់សុីម៉ាក់ហើយ៕