(ភ្នំពេញ)៖ ក្រោយពីមានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបើក​កិច្ចប្រជុំ ​បន្ទាន់មួយក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយតំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និង អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេច ពាក់ព័ន្ធ និងការប្រើប្រាស់និមិត្តសញ្ញារបស់គ្រឹះស្ថាន និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ដើម្បីកុំឲ្យមានការយល់​ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជារបស់រដ្ឋ។

ការប្រជុំនេះធ្វើឡើងរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នា២០១៧ ដើម្បីបជ្រាបព័ត៌មានបន្ថែមទៅដល់ប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រ​ឡំ​ថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ជាគ្រឹះស្ថានរបស់រដ្ឋ ដោយសារតែកន្លងមកមានជនឆ្លៀតឱកាសមួយចំនួនបានដើរផ្សព្វផ្សាយបំផុសបំផុលថា ​គ្រប់គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ គឺជារបស់រដ្ឋ។

ដើម្បីលុបបំបាត់នៅភាពភ័ន្ដច្រឡំនេះធនាគារជាតិនៃកម្ពុជា បានចេញនូវលិខិតណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង​អស់ត្រូវរៀបចំ៖ ១៖ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួននូវពាក្យថា «គ្រឹះស្ថានឯកជន» ទី២៖ ដាក់បង្ហាញនូវស្លាកសញ្ញា «គ្រឹះស្ថានឯកជន» នៅទីតាំងសមស្របក្នុងស្នាក់ការរបស់ខ្លួនដែលអតិថិជនងាយមើលឃើញ ទី៣៖ ​អប់រំអតិថិជនរបស់ខ្លួនឲ្យ
យល់ច្បាស់ពីវប្បធម៌ឥណទាន និងថាខ្លួនជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋ និងទី៤៖ ប្តូរនិមិត្តសញ្ញា «Logo» ដែលមានលក្ខណៈស្រដៀងគ្នាជាមួយនិមិត្តសញ្ញារបស់ ក្រសួង-ស្ថាប័នរដ្ឋ ។

ក្នុងនោះផងដែរធនាគារជាតិនៃកម្ពុជា និងអនុវត្តបន្ដ៖

* ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀត នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមរយៈមធ្យោបាយផ្សព្វផ្សាយនានារួមមាន សារព័ត៌មាន ទូរទស្សន៍ វិទ្យុ បណ្តាញទំនាក់ទំនងសង្គម Facebook ជាដើម ។

* បោះពុម្ពអត្ថបទសេចក្តីថ្លែងការណ៍រួមនេះ និងបិទផ្សាយនៅតាមស្រុក ឃុំ ភូមិ និងគ្រប់ការិយាល័យសាខាខេត្ត
ទាំងអស់របស់ធនាគារជាតិនៃកម្ពុជា។

* រៀបចំបទចម្រៀងអប់រំ កំប្លែង និងស្ប៉តអប់រំផ្សេងៗទៀត ។

កិច្ចប្រជុំនេះ ក៏បានស្នើឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជួយចូលរួមផ្សព្វផ្សាយខ្លឹមសារសេចក្តីថ្លែងការណ៍រួមនេះឲ្យបានទូលំទូលាយ រួមទាំងការរៀបចំកម្មវិធីផ្សព្វផ្សាយ និងអប់រំផ្សេងទៀត នៅតាមតំបន់ជនបទផងដែរ៕