(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ ចំពោះការធ្វើ​វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ នៅកម្ពុជា។ ប៉ុន្តែភ្លាមៗនោះអ្នកនាំពាក្យគណបក្សដឹកនាំប្រទេស លោក សុខ ឥសាន បានអះអាងនៅយប់ថ្ងៃពុធនេះថា ជាតម្រូវការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយក៏ស្របតាម រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាផងដែរ។

អ្នកនាំពាក្យគណបក្សដឹកនាំប្រទេសដដែលរូបនោះបានឲ្យដឹងទៀតថា មានមូលហេតុ៤ចំណុចធំ ដែលនាំឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ។ ក្នុងនោះរួមមានដូចជា៖

ទី១៖ ជាសំណូមពរចាំបាច់ឆ្លើយតប នឹងតម្រូវការរបស់សង្គមជាតិ ដើម្បីមានច្បាប់មួយប្រកបដោយគុណភាព។

ទី២៖ ដើម្បីឲ្យស្របតាមសភាពការណ៍ថ្មី ដោយបំពេញបន្ថែមនូវចំណុចចន្លោះប្រហោងមួយចំនួន នៃច្បាប់ចាស់។

ទី៣៖ ជាសំណូមពរចាំបាច់ក្នុងការពង្រឹងគណបក្សនយោបាយ ដោយផ្អែកលើសារសំខាន់នៃតួនាទីរបស់គណបក្សនយោបាយ ដែលជាតួអង្គ នៃការប្រគួតប្រជែងក្នុងការបោះឆ្នោត លើទីលានប្រជាធិបតេយ្យ។

ទី៤៖ ជាសំណូមពរនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីធានាស្ថិរភាពនយោបាយ ស្ថិរភាពសង្គមជាតិ។

លោក​បានបញ្ជាក់តាមរយៈទូរស័ព្ទថា «ការអនុម័តច្បាប់វិសោធនកម្មច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រជាជាតិ ខ្មែរយើង តាមរយៈការពុះពារជំនះឧបសគ្គស្មុគស្មាញ របស់តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងនីតិវិធីជាធរមាន»

សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ដោយសំឡេង សមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញ អស់រយៈពេលជិត ២ម៉ោង ហើយពេលនេះត្រូវបានបញ្ជូនទៅដល់ព្រឹទ្ធសភាកម្ពុជាហើយ៕