(ភ្នំពេញ)៖ បន្ទាប់ពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការផ្លាស់ប្តូរ Logo របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចប្តូរ Logo ថ្មីហើយ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានសរសេរថា ឆ្លើយតបនឹងការណែនាំនេះ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឯកភាពធ្វើការ កែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ដោយដកនិមិត្តសញ្ញាប្រាក់រៀល «៛» ចេញដាក់អក្សរពាក្យថា «ប្រាសាក់» ជំនួសវិញ។ ហើយសន្យានឹងធ្វើឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕