Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីឡាវ បានអញ្ជើញដល់ព្រះបរមរាជវាំងហើយ ដើម្បីចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំប្រទេស

22-02-2017 19:06

(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ។

លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញ, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕