(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅក្នុងជំនួបជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ លោក ប៊ុនញាំង វរជិត នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានជំរុញឲ្យភាគីមិត្តជាប់ព្រំដែនខាងជើងមួយនេះ ជួយពន្លឿនការដោះស្រាយបញ្ហាព្រំដែនរួមជាមួយគ្នា ឲ្យបានឆាប់រហ័ស។
លោក កែវ ពិសិដ្ឋ ជំនួយការរបស់សម្ដេច ហេង សំរិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលបំណងនេះត្រូវបានតំណាងរដ្ឋាភិបាលរដ្ឋធានី វៀងច័ន្ទន៍ រូបនេះ បានបញ្ជាក់ពីឆន្ទៈយ៉ាងច្បាស់ថា រដ្ឋាភិបាលក៏ដូចជាប្រជាជនឡាវ ក៏ចង់ជំរុញ និងកំពុងខិតខំពន្លឿនការដោះស្រាយបញ្ហាព្រំដែននេះ ដូចរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាដែរ។
ជំនួយការសម្តេចប្រធានរដ្ឋសភារូបនោះបានបន្តថា ឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ ត្រូវបានស្ដែងឡើងក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេច ហេង សំរិន ជាមួយលោក ប៊ុនញាំង វរជិត នៅវិមានរដ្ឋសភា។
ក្នុងជំនួបនោះសម្ដេច ហេង សំរិន បានជម្រាបទៅលោកប្រធានរដ្ឋ ប៊ុនញាំង ថា កម្ពុជាពិតជាចង់ពន្លឿងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ទាំង ប៉ុន្មានឲ្យបានឆាប់រហ័សជាទីបំផុត។ កម្ពុជាសូមជំរុញដល់ប្រទេសឡាវ ត្រូវសហការដោះស្រាយបញ្ហានេះជាមួយ ប្រទេសកម្ពុជា ប្រកបដោយស្មារតី ទទួលខុសត្រូវ សាមគ្គីភាព និងរលូនទៅមុខ រហូតដល់ចប់សព្វគ្រប់។
លោក កែវ ពិសិដ្ឋ បានបន្ថែមថា លោកប្រធានរដ្ឋ ប៊ុនញាំង វរជិត ក៏បានឯកភាពចំពោះមតិលើកឡើងរបស់ សម្ដេច ហេង សំរិន ផងដែរ លើការងារពន្លឿនការ ដោះស្រាយព្រំដែនរួមជាមួយកម្ពុជានោះ។ ឆន្ទៈរបស់ប្រទេសឡាវ ក៏បន្តជំរុញដោះស្រាយកិច្ចការដែលនៅសេសសល់ ឲ្យបានឆាប់រហ័សដែរ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំងនោះ ទៅជាតំបន់មិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសនឹងជំរុញដល់គណៈកម្មការព្រំដែនប្រទេសទាំងពីរ (JC) ឲ្យពន្លឿនការដោះស្រាយបញ្ហានោះ៕