(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) នឹងមានចែករង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ និងបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈ លើកទី១។
លោករដ្ឋមន្រ្តីលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសមាជិក សមាជិកានៃ គ.ជ.វ.ទ មកពីក្រសួង-ស្ថាបន័ពាក់ព័ន្ធ និងតំណាងរដ្ឋបាលរាជធានី-ខេត្ត ចំនួន៧០រូប។
កិច្ចប្រជុំនាថ្ងៃនេះ ផ្តោតលើរបៀបវារៈចំនួន ៣សំខាន់ រួមមាន៖ ទី១.ការត្រៀមរៀបចំ ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៧, ទី២.ការរាយការណ៍ពីជយលាភី ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ និងទី៣.ការរាយការណ៍ពីជយលាភី បដិសណ្ឋាកិច្ចល្អ ក្នុងសេវាសាធារណៈរបស់ក្រុង-ខណ្ឌបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្តរជាតិ លើកទី១។
សូមបញ្ជាក់ថា ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៧ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អមជាមួយពិធីចែកជយលាភី រង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ ដែលជារង្វាន់ធំជាងគេ និងជយលាភី បដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈរបស់ក្រុង-ខណ្ឌបេក្ខភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្តរជាតិ លើកទី១។
ក្នុងឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបន្ថែមប្រភេទរង្វាន់ រហូតដល់ទៅ ៧ប្រភេទ ដោយបន្ថែមមួយប្រភេទទៀតគឺ «រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើម ក្នុងការប្រើប្រាស់ផលិតផលខែ្មរ» ដែលរង្វាន់នេះ ចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលរបស់ប្រជាកសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងចូលរួមដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
តាមការគ្រោងទុក ក្រសួងទេសចរណ៍ នឹងរៀបចំពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពី «ការគាំទ្រការប្រើប្រាស់ផលិតផលខែ្មរ ក្នុងឧស្សហកម្មទេសចរណ៍» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ ក្នុងវេទិការជាតិធុរកិច្ចបៃតង ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ដោយឡែក ចំពោះការចែកជយលាភី រង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានប្រារព្ធរួចម្តងហើយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលនៅឆ្នាំ២០១៥នោះ មានប្រភេទរង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍តែ៦ប្រភេទ ប៉ុណ្ណោះ៕