Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្លន់ទាំងថ្ងៃ! ក្រុមចោរ៣នាក់ ចូលទៅវាយប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងផ្ទះនៅក្រុងតាខ្មៅ, កម្លាំងអាវុធហត្ថបង្ក្រាបបានភ្លាមៗ

22-02-2017 18:14

(កណ្តាល)៖ ប្លន់ទាំងថ្ងៃនៅក្រុងតាខ្មៅ ខេត្តកណ្តាល! ជនសង្ស័យបានចូលទៅវាយប្លន់ប៉ងយកទ្រព្យសម្បត្តិ ដល់ក្នុងផ្ទះប្រជាពលរដ្ឋ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្ទះវីឡា១ តាមបណ្តោយផ្លូវកា១៤ ភូមិព្រែករាំង សង្កាត់កំពង់ណាញ់ ក្រុងតាខ្មៅ ប៉ុន្តែភ្លាមៗ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបាន ខណៈជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្រ្តីអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមាន៣នាក់រួមមាន៖ ទី១ឈ្មោះ ហេង សុផាណា ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរជានិស្សិត ទី២ឈ្មោះ ហួង លាងហេង ជាបងស្រីម្ចាស់ផ្ទះ និងម្នាក់ទៀតមិនត្រូវបានស្គាល់នោះទេ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់កំពុង អង្គុយហូបបាយ ភ្លាមនោះ ស្ត្រីជាបង បានឡើងទៅជាន់លើក្នុងបន្ទប់។ បន្តិចក្រោយមក ស្រាប់តែលឺសំឡេងស្រែកឲ្យជួយ ភ្លាមៗជនរងគ្រោះ២នាក់ទៀត បានឡើងទៅមើលស្រាប់តែ ឃើញជនសង្ស័យ៣នាក់ កំពុងវាយបងស្រី ហើយក៏វាយពួកគេទៀត។ ពេលនោះជនរងគ្រោះម្នាក់ បានស្ទុះរត់ចុះមកក្រោម ដោយជនសង្ស័យដេញតាម លុះរត់មកដល់បរិវេណខាងមុខផ្ទះ ក៏ស្រែកឲ្យគេជួយ ស្រាប់ពេលនោះដែរ មានអ្នកដំណើរជាអង្គរក្ស ជិះរថយន្តឆ្លងកាត់ទីនោះបានលឺក៏ឈប់រថយន្ត ទើបធ្វើឲ្យជនសង្ស័យភ័យរត់ចូលទៅក្នុងផ្ទះគេចខ្លួនបាត់។

ក្រោយកើតហេតុ សាច់ញាតិ បានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះ ភ្លាមៗនោះដែរ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យន៣នាក់ នៅក្នុងភូមិ-សង្កាត់ខាងលើ នាំយកទៅសាកសួរដោយបានឲ្យជនរងគ្រោះទៅចង្អុលបង្ហាញនោះ ជនរងគ្រោះ ស្គាល់មុខជនសង្ស័យម្នាក់ថា បានធ្វើសកម្មភាពវាយពួកគាត់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀត៕