(តាកែវ)៖ សកម្មជន និងសមាជិកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន១៤១នាក់ បានស្ម័គ្រចិត្តដោយសុទ្ធចិត្ត ចាកចេញពីបក្សប្រឆាំងមករួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសបញ្ចូលជាសមាជិកភាពថ្មីជាផ្លវការនៅព្រឹកនេះ ក្រោមអធិបតីភាពលោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា នៃស្រុកបាទី ខេត្តតាកែវ។

នេះជាលើកទី២ហើយ នៃការចាកចេញរបស់សកម្មជនអ្នកគាំទ្របក្សសង្គ្រោះជាតិ មករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកាលពីលើកទី១ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៦ មានចំនួនសរុប៤២០នាក់ ក្នុងនោះមានសមាជិកបក្សសង្គ្រោះជាតិចំនួនប្រមាណជាង២០០នាក់ រួមទាំងបងប្អូនផ្សេងៗទៀត ដែលមិនមាននិន្នាការគណបក្សនយោបាយណា បានសំរេចចិត្តមករួមរស់នៅជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងចំណោមសកម្មជនដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ ក្នុងនោះមាន១០០នាក់ជា សមាជិក និងសកម្មជនគណបក្ស សម រង្ស៊ី មានសមាជិកគណៈអចិន្ត្រៃយ៍បក្សឃុំ និងសកម្មជនលេចធ្លោរជាច្រើនរូបទៀតផងដែរ។

សកម្មជនដែលបានចាកចេញពីបក្សប្រឆាំងទាំងនេះបានរៀបរាប់ឲ្យដឹងថា មូលហេតុនៃការចាកចេញមករួមរស់នៅក្នុងជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារតែបានដឹងថា គណបក្សសង្គ្រោះជាតិ ជាគណបក្សមានតែការសន្យាខ្យល់ ភូតភរ កុហកបោកប្រាស់ និងពួកគាត់ក៏បានដឹងផងដែរថា កន្លងមកមានអ្នកគាំទ្រមួយចំនួន ត្រូវបានគេបោកប្រើឲ្យទៅចូលរួមធ្វើបាតុកម្ម និងអ្នកខ្លះត្រូវស្លាប់ និងមួយចំនួនជាប់គុកពីព្រោះជ្រុលខ្លួន ប្រព្រឹត្តបំពានច្បាប់។

ជាពិសេសទៅទៀត គឺចុងក្រោយនេះអ្វីដែលជំរុញឲ្យបងប្អូនសកម្មជនទាំងនោះ ត្រូវតែនាំគ្នាចាកចេញ ពីបក្សសង្គ្រោះជាតិ ដោយសារពួកគាត់បានដឹងថា គណបក្សនេះសព្វថ្ងៃកំពុងបែកបាក់ មានជម្លោះផ្ទៃក្នុង គ្មានមេដឹកនាំច្បាស់លាស់ ដោយបែងចែកបក្សពួកជាក្រុមដោយឡែកៗពីគ្នា គឺក្រុមលោក កឹម សុខាផ្សេង និងក្រុមដែលធ្លាប់គាំទ្រលោក សម រង្ស៊ី ផ្សឹង ហើយការលាលែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ គឺបានធ្វើឲ្យពួកគាត់គ្មានមេកើយ ច្បាស់លាស់ វ៉ល់ពេញបក្ស រញ៉េរញ៉ៃ និងការបែកធ្លាយរឿងអាស្រូវស្រីញី អំពើផិតក្បត់គ្នា ស្អុយគគ្រុកពេញក្នុងគណបក្សនោះ ទើបបណ្តាលឲ្យពួកគាត់ អស់សង្ឃឹម និងត្រូវតែបង្ខំចិត្តចាកចេញ ដោយមិនអាចបន្តគាំទ្រតទៅទៀតបានឡើយ។

ម៉្យាងវិញទៀត អតីតសកម្មជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់នេះ កន្លងមកក៏បានឃើញ និងដឹងច្បាស់ផ្ទាល់នឹងភ្នែកផងដែរ អំពីសកម្មភាពចុះមូលដ្ឋានជាប្រចាំ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយបញ្ហាជាទុក្ខកង្វល់របស់ពួកគាត់បានជាច្រើន ថែមទាំងបានស្គាល់ច្បាស់ទៀតថា គណបក្សប្រជាជនកម្ពុជាមិនចេះសន្យាខ្យល់ទេ ផ្ទុយទៅវិញមានតែការអនុវត្តជាក់ស្តែង គឺរួមគិត រួមធ្វើ និងរួមរស់ រួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ថ្លែងសំណេះសំណាលនៅក្នុងពិធីនេះ លោក ស្វាយ ស៊ីថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការចូលរួមដោយស្ម័គ្រចិត្ត របស់អតីតសមាជិកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងថា «ការវិលមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវសច្ចធម៌ និងយុត្តិធម៌ ជាពិសេសការទទួលស្គាល់របស់បងប្អូននូវការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យមានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ» ។ម៉្យាងទៀត ប្រការនេះក៏ជាការទទួលស្គាល់ផងដែរនូវគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំគ្រប់បែបយ៉ាងដើម្បីការពារសន្តិភាព និងស្ថិរភាពនយោបាយមកដល់បច្ចុប្បន្ន និងតទៅអនាគត»

លោក ស្វាយ ស៊ីថា បានបន្ថែមទៀតថា ការចាកចេញជាលើកទី២ របស់បងប្អូនអតីតសកម្មជនបក្សប្រឆាំងមករួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជានេះ គឺមានសារៈសំខាន់ណាស់ ដែលបង្ហាញនូវកម្លាំងសាមគ្គីរួបរួមគ្នា នឹងបានជាកម្លាំងបន្ថែមទៀតដើម្បីថែរក្សាស្ថិរភាព និងចូលរួមអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើននៅក្នុងភូមិឃុំ។ លោកក៏បានសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះតទៅ សមាជិកគ្រប់រូប ទាំងសមាជិកចាស់ និងទើបបញ្ចូលថ្មីរបស់ គណបក្សប្រជាជនកម្ពុជា សូមរួបរួមសហការគ្នាឲ្យបានល្អ ដើម្បីកសាង និងអភិវឌ្ឍមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង»។ លោក ស្វាយ ស៊ីថា ក៏បានសំណូមពរផងដែរ សូមឲ្យសមាជិកទាំងអស់បញ្ចប់ទាំងស្រុងនូវការលាបពណ៌គ្នា ដែលវានឹងនាំមកនូវការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ។

លោក ស្វាយ ស៊ីថា ក៏បានបង្ហើបឲ្យដឹងផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងឃុំកុមារាជានឹងរៀបចំកម្មវិធីមួយទៀត ដើម្បីទទួលបងប្អូនគណបក្សសង្គ្រោះជាតិមួយចំនួនថែមទៀត ដែលនឹងវិលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសទទួលអតីតសកម្មជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នាឱកាសនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរៈបំផុត។ ជាមួយគ្នានេះ សមាជិកសមាជិកការទាំងអស់បាន ពិសារអាហារសាមគ្គីរួមគ្នាដោយទឹកចិត្តសោមនស្សយ៉ាងក្រៃលែង៕