(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ចំពោះ​អ្នកប្រើប្រាស់ស៉ីមកាតទូរស័ព្ទទាំងឡាយណា ដែលបានដឹងថា ស៊ីមកាតទូរស័ព្ទរបស់ខ្លួន កំពុងតែកាន់ មិនមាន ឬមិនបានផ្តល់ឯកសារសំគាល់ តាមការកំណត់នៅពេលទិញ ឬជាវ សូមប្រញាប់ទៅក្រុមហ៊ុនទូរស័ព្ទ ដើម្បីបំពេញបែបបទ បើពុំនោះទេ នឹងត្រូវប្រឈមការបាត់បង់លេខ។

ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យបងប្អូនប្រតិបត្តិករ និងអ្នកលក់ ឬចែកចាយស៊ីមកាតទូរស័ព្ទទាំងអស់ មេត្តាលក់ឬចែកចាយស៊ីមកាតទាំងនោះ ដល់អតិថិជន ឬអ្នកប្រើប្រាស់របស់ខ្លួន ត្រូវថតចម្លងយកអត្តសញ្ញាណបណ្ណ សំគាល់សញ្ជាតិខ្មែរ សម្រាប់ជនជាតិកម្ពុជា ឬ លិខិតឆ្លងដែនមានសុពលភាព សម្រាប់ជនបរទេស ឬអត្តសញ្ញាណបណ្ណ សំគាល់ពាក់ព័ន្ធដទៃទៀត ដូចមានចែងក្នុងច្បាប់ឬបទប្បញ្ញត្តិជាធរមាន ព្រោះការមិនយក ឯកសារពាក់ព័ន្ធតាមការ កំណត់នៅពេលលក់ឬចែកចាយជូន អតិថិជន ឬអ្នកប្រើប្រាស់របស់ខ្លួន វាជាសកម្មភាពល្មើសនឹងច្បាប់និងបទប្បញ្ញត្តិជាធរមាន។

គួរបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០១៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ស៊ីមកាតទូរស័ព្ទដែលភ្ជាប់រួច និងមិនមានអត្តសញ្ញាណសំគាល់មាន​ប៉ុន្មាន​សរុប៨% នៃចំនួនទូរស័ព្ទសរុបប្រមាណ១៩.៥លាន។ បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត កំពុងប្រតិបត្តិការ នៅកម្ពុជាមានចំនួន៦ក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel៕