(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធិបតីឡាវ បានកោតសរសើរអំពីភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជាមួយគ្នានេះ ឡាវបានជំរុញឱ្យមានការតភ្ជាប់កាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះប្រមុខរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត ដែលបានកោតសរសើរដោយស្មោះចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជំរុញដល់ភាគីឡាវ ឱ្យមានការតភ្ជាប់កាន់តែច្រើននៅតំបន់ព្រំដែន រវាងប្រទេសកម្ពុជាទាំងផ្លូវគោក ផ្លូវទឹក អគ្គិសនីផងដែរ។ ជាមួយគ្នានេះ សម្តេចក៏បានជំរុញឱ្យប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាពកាន់តែស្អិតរមួតថែមទៀត។
សូមបញ្ជាក់ថា លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕