(បាគូ)៖ ប្រធានាធិបតីនៃប្រទេសអាហ្សឺបៃហ្សង់លោក Ilham Aliyev បានតែងតាំងភរិយាធ្វើជាអនុប្រធានាធិបតីទីមួយរបស់ប្រទេសតំបន់អឺរ៉ុបមួយនេះ ដែលទង្វើនេះត្រូវបានមនុស្សភាគច្រើនយល់ឃើញថា ជាការពង្រឹងអំណាចរបស់ក្រុមគ្រួសារមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ការតែងតាំងលោកស្រី Mehriban Aliyeba ដែលមានវ័យ៥២ឆ្នាំ និងជាបានក្លាយជាសមាជិកសភានៃគណបក្សកាន់អំណាច Yeni Azerbaijan ចាប់តាំងពីឆ្នាំ២០០៥មកនោះ នាថ្ងៃអង្គារម្សិលមិញនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការកែប្រែមួយចំនួនលើច្បាប់រដ្ឋធម្មនុញ្ញក្រោយការបោះឆ្នោតប្រជាមតិកាលពីមុន ដែលបានបង្កើតមុខតំណែងដ៏មានឥទ្ធិពលមួយគឺជាអនុប្រធានាធិបតីដំបូងបំផុតនៅក្នុងប្រទេស។
គួរបញ្ជាក់ថាលោកស្រី Mehriban ក៏ត្រូវជាប្រធាននៃមូលនិធិដ៏មានឥទ្ធិពលមួយឈ្មោះថា Heydar Aliyev Foundation ផងដែរ។ ដោយឡែកចាប់កំណើតនៅក្នុងត្រកូលគ្រួសារដ៏មានអំណាចមួយនៅក្នុងប្រទេសអាហ្សឺបៃហ្សង់លោកស្រី Mehriban ពេលខ្លះត្រូវបានគេមើលឃើញថាអាចជាអ្នកស្នងតំណែងដ៏សាកសមមួយរូបបន្តពីស្វាមីរបស់លោកស្រី ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០០៣ បន្តពីឪពុករបស់លោក៕