(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឲ្យ​ កងកម្លាំងកងរាជ​អាវុធ​ហត្ថខេត្តទាំងអស់ ត្រូវតែបន្តបង្ការ និងទប់ស្កាត់ ឲ្យបានតឹងរឹងចំពោះបញ្ហា បទល្មើសព្រហ្មទណ្ឌ នៅតាមមូលដ្ឋាន​ឲ្យបាន​ចាប់ពីពេលនេះ ជាពិសេស ក្នុងកំឡុងពេលបោះឆ្នោត ចៀសវាងមានការបង្កពីសំណាក់ជនខិលខូចប៉ះពាល់ដល់សតិ
អារម្មណ៍បងប្អូនប្រជាពលរដ្ឋ។

ការដាក់បញ្ជាធ្ងន់ៗយ៉ាងដូច្នោះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួរនាទី ភារកិច្ច និងការងារកងរាជអាវុធ​ហត្ថប្រចាំ​ខែកុម្ភៈ និងទិសដៅ ខែមិនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីនាយទាហាន ទាហានរង​ទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា «ចាប់ពីពេលនេះទៅ កម្លាំងកងរាជអាវុធហត្ថ ត្រូវបន្តយ៉ាងតឹងរឹងរាល់​ការងារ​បង្ការ និងទប់ស្កាត់អំពើលួច ឆក់ ប្លន់ ឲ្យខានតែបាន ព្រោះនៅពេលខាងមុខ ប្រទេសយើង និងមានការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះកម្លាំងអាវុធហត្ថយើង មានតួរនាទីជាអ្នកការពារ សុវត្តិភាពជូនដល់គ្រប់​ភាគីពាក់​ព័ន្ធដែរ»។

ជាមួយគ្នានេះ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា ត្រូវបង្ក្រាបឲ្យខានតែបាន ចំពោះការដាក់កុងត្រូលជជុះ នៅក្នុងមូលដ្ឋាន​ដែលខ្លួនគ្រប់គ្រង។ លោកថា រឿងដាក់ត្រូលជជុះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការខឹងសម្បារយ៉ាងខ្លាំង ដូចនេះ បង្ក្រាប​ឲ្យបានមុនគេកងកម្លាំងរបស់ខ្លួនជាមុនផងដែរ រួចឈានទៅបង្ក្រាបក្រុម ជនឆ្លៀតឱកាស នៅតាមដងផ្លូវនានាពួនស្ទាក់​ចាប់​ជំរឹត​ពី ឡាន គោយន្ត រ៉ឺម៉ក របស់ប្រជាពលរដ្ឋ។

នាឱកាសនោះដែរ មេបញ្ជាការក៏បានបន្តដាស់តឿនជាថ្មី អំពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសធនធានរ៉ែ ឲ្យសស្រាក់​សស្រ៊ាំ អប់រំចំពោះ បងប្អូនឲ្យយល់ អំពីច្បាប់ការបំផ្លិចបំផ្លាញចំពោះបទល្មើសខាងនេះផងដែរ៕