(ឧត្តរមានជ័យ​)៖​ ក្រោយចុះព័ត៌មានទាក់ទិននឹងក្រុមអ្នកជម្រិតទារលុយ ពីអ្នកដឹកឈើរួចមក លោក ប៉ែន នួន អ្នកយកព័ត៌​មានប្រចាំខេត្តឧត្តរមានជ័យ​ នៅថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ​ ត្រូវសាលាដំបូងខេត្តឧត្តរមានជ័យ កោះហៅឲ្យចូលបំភ្លឺ​ជាលើកទី២​ ពីបទចោទបរិហាកេរ្ដិ៍ ដែលដើមបណ្ដឹង ត្រូវបានគេស្គាល់ថា សកម្មខាងជម្រិតទារលុយពីអ្នកដឹកឈើ ហើយអាងខ្នងអភិបាលស្រុកអន្លង់វែង។

មូលហេតុដែលលោក ប៉ែន នួន រងនូវបណ្ដឹងខាងលើនេះ ដោយសារលោកបានចុះផ្សាយព័ត៌មានតាមការសែត​ និងប្រព័ន្ធ ចែកចាយព័ត៌មាន មានឈ្មោះរបស់អ្នកជម្រិតទារលុយពីអ្នកដឹកឈើខាងលើ កាលពីថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។

ដើមបណ្ដឹងមានឈ្មោះ លឹម អូ ​ដើរជម្រិតទារលុយពីពលរដ្ឋដឹកឈើតាមម៉ូតូអាងខ្នងពីក្រោយ​គឺ​ លោក ហោ​ ជិនវីរៈយុទ្ធ​ អភិបាលស្រុកអន្លង់វែង។

ប្រជាពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ រឿន​ អាយុជាង៣០​ឆ្នាំ​ រស់នៅក្នុងភូមិស្រះឈូក​ ឃុំត្រពាំងប្រិយ​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០១៦​ កន្លងទៅ​ សកម្មជនមាន៣​នាក់​ ម្នាក់ឈ្មោះ តឹក រ៉ាឌូ ឈ្មោះ​ ផន បេនផរ និងឈ្មោះ លឹម អូ បានយករថយន្ដម៉ាកកាមរី សេរីឆ្នាំ១៩៩៥​ ទៅប្រដេញម៉ូតូដឹកឈើក្រញូងរបស់គាត់ ស្ទាក់ចាប់ដោយគម្រាមឲ្យគាត់បង់ប្រាក់​ចំនួន​ ៣០ម៉ឺនរៀល ទាំងយប់។

គាត់បានបញ្ជាក់បន្ថែមថា​ ស្របពេលដែលគាត់កំពុងតែអត់​លុយ រត់ខ្ចីគេបង់ឲ្យទាំងយប់​ ពីព្រោះគេបានដើរតួជាសមត្ថកិច្ច ដោយធ្វើការគម្រាមចាប់។ ៧​ថ្ងៃក្រោយមក លោក ប៉ែន នួន បានធ្វើការចុះផ្សាយជាសាធារណៈ​ថា ឈ្មោះ លឹម អូ ដែលអាង ខ្នងអភិបាលស្រុកអន្លង់វែង​បាននាំបក្សពួក ២នាក់ខាងលើ ទៅប្ដឹងនៅទី​បញ្ជាការមូលដ្ឋានស្រុកអន្លង់វែង​ រួចក៏ប្ដឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យ ​បន្ថែមទៀត​។

បើតាមការឲ្យដឹងពី ​លោក ហោ​ ជិនវរៈយុទ្ធ បានបញ្ជាក់​ប្រាប់ថា​ លោកបញ្ជាឲ្យឈ្មោះ​ លឹម​ អូ​ ដើស៊ើបអង្កេតលើអ្នកនៅពី ខាងក្រោយខ្នងបទល្មើសឈើ គឺគ្មានតួនាទីអី នៅក្នុងសាលាស្រុកទេ៕