(ភ្នំពេញ)៖ យោងតាមលទ្ធផលជាបឋម Bosch Group សម្រេចបាននូវកំណើនផលលក់របស់ខ្លួនក្នុងឆ្នាំ២០១៦ ដោយក្រុមហ៊ុនទទួលបានកំណើនការលក់ ៣.៥ ភាគរយនៅក្នុងឆ្នាំមុន ដែលមានទឹកប្រាក់ប្រមាណ ៧៣.១ ពាន់លានអឺរ៉ូ បន្ទាប់ពីទូទាត់បម្រែបម្រួលពីអត្រាប្តូរប្រាក់ កំណើនការលក់មានចំនួន ៥.៤ ភាគរយ ហើយទំហំទឹកប្រាក់លក់​ដោយបម្រែបម្រួល​អត្រាប្តូរប្រាក់នេះ មានប្រមាណ១.៣ ពាន់លានអឺរ៉ូ។

លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានថ្លែងថា «យើងនៅតែសម្រេចបានកំណើនដូចការព្យាករណ៍សម្រាប់ឆ្នាំ២០១៦ ទោះមានលក្ខខណ្ឌ មិនអំណោយផលជាច្រើនយ៉ាងណាក្តី Bosch កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរជាមូលដ្ឋានដែលពុំធ្លាប់មាន ហើយ Bosch ក៏កំពុងមមាញឹកធ្វើឲ្យមានការផ្លាស់ប្តូរ ទាំងវិស័យឧស្សាហកម្ម ទីផ្សារ និងបច្ចេកវិទ្យា»។ នៅពេលដែលនិយាយដល់បច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងលើបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់ តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT) ហើយនឹងអន្តរកាលឈានទៅរកយានជំនិះ ដែលប្រើប្រាស់អេឡិចត្រូនិចនោះ Bosch  ធ្វើការវិនិយោគទុកជាមុននូវទឹកប្រាក់រាប់ពាន់លានអឺរ៉ូ។

លោកបន្ដថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបានបង្កើនការចំណាយលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍រហូតដល់ប្រមាណ ៦.៦ពាន់លានអឺរ៉ូ។ ដូចអ្វីដែលលោកបណ្ឌិត Stefan Asenkerschbaumer ដែលជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានពន្យល់ថា «លទ្ធផលដែលយើងសម្រេចបានថ្ងៃនេះ នឹងជួយទ្រទ្រង់ផ្នែកហិរញ្ញប្បទានដើម្បីភាពជោគជ័យនៅពេលអនាគត»។ ប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) មានចំនួនប្រមាណ៤.៣ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៦ ក្នុងនាមជាក្រុមហ៊ុនដែលផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា និងសេវាកម្ម ហើយ Bosch ចង់ក្លាយជាក្រុមហ៊ុននាំមុខគេផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT), Bosch មើលឃើញពីសក្តានុពលនៃកំណើនដ៏សម្បើមនៅក្នុងអាជីវកម្មផ្នែកបច្ចេកវិទ្យាជំនួយការឌីជីថលឆ្លាតវៃ ហើយបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈអ៊ិនធឺណិត(IoT) កាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ ជាមួយនឹងជំនួយផ្នែកបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញាញ (AI) យើងកំពុងប្រែក្លាយបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងឲ្យមានលក្ខណៈកាន់តែផ្ទាល់ខ្លួន ដោយសារហេតុផលនេះហើយ ទើប Bosch ធ្វើការវិនិយោគទឹកប្រាក់ចំនួនរហូតដល់ប្រមាណ ៣០០លានអឺរ៉ូ លើមជ្ឍមណ្ឌលថ្មីមួយសម្រាប់បច្ចេកវិទ្យា AI ដែលបំពេញបន្ថែមលើជំនាញ IoT របស់ខ្លួន។

Artificial intelligence ទឹកប្រាក់វិនិយោគ ៣០០ លានអឺរ៉ូ សម្រាប់មជ្ឈមណ្ឌលថ្មីមួយ មជ្ឈមណ្ឌល Bosch សម្រាប់បច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញាញ(BCAI)  ចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំថ្មីនេះ ហើយគោលបំណងរបស់មជ្ឈមណ្ឌល គឺដើម្បីពង្រឹងជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា AI ។ លោក Denner ដែលជានាយកប្រតិបត្តិ ហើយក៏ទទួលខុសត្រូវផងដែរលើផ្នែកស្រាវជ្រាវ និងវិស្វកម្មជាន់ខ្ពស់ បានឲ្យដឹងថា «ដោយសារតែបច្ចេកវិទ្យាសិនស័ររបស់ខ្លួន Bosch អាចធ្វើឲ្យវត្ថុនានាមានសមត្ថភាពបច្ចេញអារម្មណ៍ ហើយកាន់តែអស្ចារ្យទៀតនោះ Bosch ធ្វើឲ្យវត្ថុទាំងនោះមានសមត្ថភាពរៀន និងបញ្ចេញសកម្មភាពឆ្លាតវៃបាន»។

លោកបានបន្ថែមថា «ក្នុង រយៈពេលដប់ឆ្នាំទៀត គ្មានផលិតផល Bosch ណាមួយដែលនឹងដំណើរការដោយគ្មានបច្ចេកវិទ្យា AI នោះទេ។ ផលិតផលទាំងនោះ នឹងមានវិញាណខ្លួនឯង ឬបច្ចេកវិទ្យា AI នឹងដើរតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ និងផលិតកម្ម ហើយ Bosch រំពឹងថារយៈពេលត្រឹមប្រាំឆ្នាំប៉ុណ្ណោះ ចំណូលដែលទទួលបានពីការលក់ផលិតផលដែលបំពាក់បច្ចេកវិទ្យា AI នឹងមានចំនួន ១០ភាគរយនៃចំណូលលក់ទាំងមូលរបស់ខ្លួន។ ជំហានដំបូង BCAI នឹងជ្រើសរើសអ្នកឯកទេសប្រមាណមួយរយនាក់នៅក្នុងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រទេសអាល្លឺម៉ង់។ ត្រឹមឆ្នាំ២០២១  Bosch នឹងវិនិយោគចំនួន ៣០០លានអឺរ៉ូ ដើម្បីពង្រឹកមជ្ឈមណ្ឌល BCAI បន្ថែម ហើយក្នុងរយៈពេលដូចគ្នានេះតម្រូវការបុគ្គលិកសម្រាប់មជ្ឈមណ្ឌលនេះនឹងកើនប្រាំពីរប្រាំបីដង» ។       

ចំពោះក្រុមហ៊ុន Bosch ការធ្វើឲ្យបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT)កាន់តែមានលក្ខណៈផ្ទាល់ខ្លួន គឺជាដំណាក់កាលវិវឌ្ឍន៍នៃបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង Bosch នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីប្រែក្លាយវត្ថុទៅជាជំនួយការដែលមានវិញាណ។ ផលិតផលនឹងលែងជាវត្ថុធម្មតាទៀតហើយ វានឹងក្លាយជាដៃគូ ជាមិត្តយល់ចិត្ត និងជាជំនួយការផ្ទាល់ខ្លួន ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ Tractica បានព្យាករណ៍ថា ចំនួនអ្នកប្រើប្រាស់បច្ចេកវិទ្យាជំនួយការឌីជីថលនឹងកើនឡើងជាង ៣៥០ភាគរយត្រឹមឆ្នាំ២០២១។

យានជំនិះទៅថ្ងៃអនាគតៈ ទស្សនវិស័យ «Vision Zero» បើកបរមិនធុញថប់ មិនមានគ្រោះថ្នាក់ និងមិនមានផ្សែងពុល ទាំងនេះជាទស្សនវិស័យរបស់ក្រុមហ៊ុន សម្រាប់ការធ្វើចរាចរទៅថ្ងៃអនាគត។ កន្លែងសិក្សាស្រាវជ្រាវអាគុយត្រូវបានបង្កើតឡើងនៅ Feuerbach ក្នុងទីក្រុង Stuttgart ដោយប្រមូលផ្តុំនូវសកម្មភាពអភិវឌ្ឍន៍នានាពាក់ព័ន្ធនឹងកោសិកាថ្ម និងអាគុយសម្រាប់បញ្ចូលថាមពល ហើយបុគ្គលិកជំនាញចំនួន ៣០០នាក់កំពុងធ្វើការដើម្បីធ្វើឲ្យបច្ចេកវិទ្យាកោសិកាអាគុយអាចប្រើប្រាស់ជាមួយផលិតកម្មឧស្សាហកម្មបាន។ ក្នុងមួយឆ្នាំៗ Bosch វិនិយោគប្រមាណ ៤០០លានអឺរ៉ូ នៅក្នុងផ្នែកយានជំនិះដែលដំណើរការដោយអគ្គិសនី។ ជាមួយនឹងសមាសភាគយ៉ាងច្រើនដែលត្រូវបានធ្វើការសាកល្បងនៅក្នុងផលិតកម្មដូចជា ម៉ូទ័រប្រើប្រាស់អគ្គិសនី ឧបករណ៍ប្រើប្រាស់ថាមពល និងអាគុយ ធ្វើឲ្យ Bosch ទទួលបានកិច្ចសន្យារហូតដល់ចំនួនសាមសិបគម្រោង។

ក្នុងពេលអនាគត Bosch នឹងវិនិយោគបន្ថែមដើម្បីធ្វើអោយម៉ាស៊ីនដែលប្រើចំហេះកាន់តែប្រសើរឡើង ហើយការប្រើប្រាស់ប្រេងសំយោគ ម៉ាស៊ីនដែលប្រើចំហេះអាចសន្សំសំចៃវត្ថុធាតុដើម និងគ្មានឧស្ម័នកាបូនិច។ នាយកប្រតិបត្តិក្រុមហ៊ុន Bosch បានឲ្យដឹងថា «រហូតដល់ឆ្នាំ២០២៥ ក្នុងចំណោមយានយន្តថ្មី មានប្រមាណជាង ៨០ភាគរយទំនងជានៅតែប្រើប្រាស់ម៉ាស៊ីនដែលប្រើចំហេះ តែយ៉ាងណាក៏ដោយម៉ាស៊ីនទាំងនេះក៏ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយកំដៅពិភពលោក»។

ទស្សនវិស័យសម្រាប់ឆ្នាំ២០១៧  កំណើនមធ្យម ជាមួយនឹងបម្រែបម្រួលទីផ្សារខ្លាំង សម្រាប់ឆ្នាំ២០១៧ Bosch ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក កំរិតមធ្យមត្រឹម ២,៣ ភាគរយតែប៉ុណ្ណោះ។ ការផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា និងសេវាកម្មប្រឈមនឹងហានិភ័យចំពោះសេដ្ឋកិច្ច ជាពិសេសដោយសារការវិវឌ្ឍន៍នយោបាយថ្មីៗនៅក្នុងអាមេរិក និងអ៊ឺរ៉ុប។ បើទោះបីជាដូចនេះក្តី Bosch មានបំណងចង់បន្តកំណើនលក់របស់ខ្លួននៅក្នុងឆ្នាំនេះ ហើយកើនលើសទីផ្សារនានាដែលខ្លួនមានវត្តមាននៅក្នុងនោះ។ ហើយ Bosch នឹងធ្វើឲ្យស្ថានភាពប្រកួតប្រជែង និងប្រាក់ចំណេញអាជីវកម្មគ្រប់ផ្នែកទាំងអស់របស់ខ្លួនកាន់តែប្រសើរឡើងនៅឆ្នាំនេះ។

Bosch Group ជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មដែលនាំមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ៣៩០ ០០០នាក់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦)។ បើយោងតាមលទ្ធផលជាបឋម នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបានសម្រេចទិន្នផលលក់ចំនួន ៧៣.១ ពាន់លានអឺរ៉ូ។ ប្រតិបត្តិការនៃអាជីវកម្មរបស់ក្រុមហ៊ុន ត្រូវបានបែងចែកជាបួនវិស័យផ្សេងៗគ្នាដូចជា៖  បច្ចេកវិទ្យាយាន្តជំនិះ បច្ចេកវិទ្យាឧស្សាហកម្ម  ផលិតផលប្រើប្រាស់ទូទៅ និង បច្ចេកវិទ្យាថាមពល និងសំណង់អាគារ។ ក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យា តភ្ជាប់ឧបករណ៍ប្រើប្រាស់ តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT) Bosch ផ្តល់ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗសម្រាប់ផ្ទះឆ្លាតវៃ ទីក្រុងឆ្លាតវៃ យានជំនិះដែលប្រើអគ្គិសនី និងឧស្សាហកម្មបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង។ Bosch ប្រើប្រាស់នូវជំនាញរបស់ខ្លួនផ្នែកបច្ចេកវិទ្យាសិនស័រ សូហ្វែរ និងសេវាកម្ម ក៏ដូចជាមជ្ឈមណ្ឌលរក្សាទិន្នន័យ IoT ផ្ទាល់ខ្លួន ដើម្បីក្លាយជាប្រភពតែមួយដល់ដល់អតិថិជន សម្រាប់ដំណោះស្រាយបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនង។
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖ លោក ឆែ សុខឡេង ,ទូរស័ព្ទលេខ៖ +៨៥៥ ១២ ៧៧៥៥៩៣, អ៊ីមែល៖ [email protected] ឬចួលទៅកាន់គេហទំព័រ www.bosch.com, www.iot.bosch.com, www.bosch-press.com, www.twitter.com/BoschPresse៕