(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានចាត់ឲ្យគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព លោក ស្រូយ នីកា អ្នកយកព័ត៌មាន ទូរទស្សន៍ CNC និងកាសែតរស្មីកម្ពុជា ដែលបានទទួលមរណភាព កាលពីវេលាយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅ វត្តអង្គតាមិញ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ គណៈប្រតិភូ បានអាន និងប្រគល់លិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកស្រី ផុន ដារ៉ានី ត្រូវជាភរិយានៃសព និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមឱ្យវិញ្ញាណក្ខន្ធ លោក ស្រូយ នីកា បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
មរណភាពរបស់លោក ស្រូយ នីកា គឺជាការបាត់បង់ ធនធានមនុស្សមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ល្អ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា។ ជាពិសេសទៅទៀតនោះ គឺជាការបាត់បង់ ឧត្តមស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុត៕