(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានព្រមានដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការជ្រៀតជ្រែក លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា នៅលើលោកនេះមិនមានបរទេសណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គ្មាននរណាស្រឡាញ់យើង ជាងខ្មែរយើងនោះទេ។ បរទេសនានាគួរតែត្រូវយល់ថា រឿងរបស់ខ្មែរ គឺខ្មែរអ្នកដោះស្រាយ។ ពិតមែនខ្ញុំត្រូវការជំនួយអ្នកឯង រកស៊ីជាមួយអ្នកឯង សហប្រតិបត្តិការជាមួយអ្នកឯង ក៏ប៉ុន្តែកិច្ចការផ្ទៃក្នុងរបស់អ្នកឯងខ្ញុំមិនបាន ទៅជ្រៀតជ្រែកនោះទេ ប៉ុន្តែក៏មានសំណូមពរមកវិញថា កិច្ចការរបស់ខ្ញុំ អ្នកឯងក៏មិនត្រូវជ្រៀតជ្រែកដែរ»

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយពេលរដ្ឋសភាកម្ពុជាអនុម័តចំពោះសេចក្តីស្នើវិសោធនកម្មស្តីពីច្បាប់ គណបក្សនយោបាយ យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្ស នយោបាយនៅកម្ពុជាដែលត្រូវបាន អនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភៈនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។ វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិត ដល់សេរីភាព ក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោម កាលៈទេសៈកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយ គណបក្សនយោបាយតែម្តង»។

ទន្ទឹមនឹងការព្រមានដល់សហរដ្ឋអាមេរិក កុំឱ្យលូកលាន់ដល់កិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីទុកវេទនារបស់កម្ពុជា ដែលកើតចេញពីការទម្លាក់គ្រប់បែករបស់សហរដ្ឋអាមេរិកកាលពីអំឡុងទស្សវត្សឆ្នាំ៧០ ផងដែរ។

សម្តេចបានស្នើឱ្យប្រទេសមហាអំណាចមួយនេះ គោរពដល់អធិបតេយ្យភាពរបស់ប្រទេសដទៃ។ សម្តេចថ្លែងថា នៅកម្ពុជាមានច្បាប់ផ្ទាល់របស់កម្ពុជា ហើយជនទាំងឡាយនៅកម្ពុជាត្រូវតែគោរពច្បាប់កម្ពុជា៕

សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន៖