(ត្បូងឃ្មុំ)៖ នៅដើមរដូវប្រាំង ប្រជាកសិករដែលរស់នៅ ក្នុងឃុំកំពង់ទ្រាស បាននាំគ្នាដាំដំណាំឈូក ដែលជាដំណាំងាយដាំ ហើយមានទីផ្សារជាងគេ ហើយការប្រមូលផលឆ្នាំនេះ មិនចាញ់ឆ្នាំទៅនោះទេ ចំណែកតំលៃនៅលើ ទីផ្សារក៏រក្សារតំលៃដដែល គឺ១គីឡូក្រាមតំលៃ៦០០០រៀល ដូចឆ្នាំមុន។

តាមសម្តីលោក ណុប ជាកសិករ រស់នៅក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា «បងប្អូនកសិករយើង ដែលរស់នៅក្នុងឃុំកំពង់ទ្រាស ជារៀងរាលឆ្នាំ នៅរដូវទឹកសម្រក កសិករចាប់ដាំដំណាំប្រដេញទឹករួមមាន៖ ឈូក ថ្នាំជក់ ពោត ត្រឡាច ត្រសក់ សណ្ដែក ល្ង ប៉េងប៉ោះជាដើម គេអាចដាំលើដីល្បាប់នេះបានល្អណាស់»

លោកពូបន្តថា ឥឡូវនេះកសិករយើងច្រើនជ្រើសរើសដំណាំឈូក មកធ្វើការដាំដុះ ព្រោះថាឈូក វាងាយឲ្យផលល្អណាស់ក្នុងរយៈពេល៣ខែ ហើយប្រជាកសិករចាប់ប្រមូលផលតែម្តង រហូតទឹកទន្លេ មេគង្គឡើងមកលិចបាត់ ទើបយើងឈប់ប្រមូលផល។

ចំណែកឯលោក សេង ជាប្រជាកសិករ រស់នៅក្នុងភូមិជាមួយគ្នា បានឲ្យដឹងថាដែរថា លោកដាំឈូក ក្នុងទំហំផ្ទៃដី៧០អា ដោយគាត់អាចប្រមូលផលបានទឹកប្រាក់មិនក្រោម ៦០០០ដុល្លារនោះទេ ក្នុង១ឆ្នាំ នេះមិនគិតតទាំងលក់ស្លឹក លក់ផ្លែឈូកខ្ចី លក់ផ្កាឈូក និងក្រអៅឈូកថែមទៀតផង។

លោក សេង បានបន្តទៀតថា បើប្រៀបធៀបទៅនឹងដំណាំថ្នាំជក់វិញ ដែលប្រជាកសិករដាំក្នុងភូមិដែរនោះ ឃើញថា ផ្ដល់ផល់ចាញ់ដំណាំឈូកទេ ដោយសារពិបាកផលិតច្រើនដំណាក់កាលពេក ហើយតំលៃទីផ្សារក៏លក់បានថោកទៀត ចំពោះឈូកកសិករងាយស្រួលដាំ ដោយអាចដាំតាមតំបន់មាត់ទន្លេ តាមមាត់បឹង ត្រពាំង និងតំបន់វាលទំនាបបាន៕