(ក្រចេះ)៖ អំពើហិង្សាបង្កឡើងដោយជនមិនស្គាល់មុខ បានលបវាយស្ត្រីចំណាស់ម្នាក់ នឹងដំបងឈើជ្រុង បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ រហូតឈានដល់ការបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើង នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានស្រង់សម្តីសាក្សីថា នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រ្តីរងគ្រោះ ឈ្មោះ វង ណាន អាយុ៨៨ឆ្នាំ ហើយបានដេកជាមួយនៅផ្ទះឈ្មោះ អ៊ាប គឹមហេង ត្រូវជាបងប្អូនជីដូនមួយ ប៉ុន្តែដេករានផ្ទះខាងក្រោយ ខណៈឈ្មោះ វង ណាន ដេកលក់ ឈ្មោះ អ៊ាប គឹមហេង ស្រែកហៅឈ្មោះ វង ណាន ឲ្យជួយព្រោះត្រូវគេវាយនឹងដំបងចំក្បាល បណ្តាលឲ្យបែកហូរឈាមសស្រះ។
ប្រភពបានបន្តថា ភ្លាមនោះ ឈ្មោះ វង ណាន អត់ឮទេ ព្រោះត្រចៀកថ្លង់ ហើយឈ្មោះ អ៊ាប គឹមហេង ក៏លូនទៅកន្លែង ឈ្មោះ វង ណាន ដេក ហើយឈ្មោះ វង ណាន បានចាប់ដៃ ឈ្មោះ អ៊ាប គឹមហេង មានសភាពត្រជាក់ និងស្ទាបក្បាលមានឈាម ក៏បានស្រែកហៅ កូនក្មួយ ដែលរស់នៅជិតគ្នាឲ្យជួយ និងបញ្ចូនឈ្មោះ អ៊ាប គឹមហេង ទៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ដោយស្ថានភាពជនរងគ្រោះ មានសភាពធ្ងន់ ក៏ត្រូវបញ្ជូនបន្តទៅមន្ទីរបង្អែកខេត្តក្រចេះតែម្ដង។
នៅកន្លែងកើតហេតុ មានបន្សល់ឈើបួនជ្រុងលើផ្ទះជនរងគ្រោះមួយកំណាត់ និងនៅកាំជណ្ដើរមួយកំណាត់។
បន្ទាប់ពីករណីខាងលើនេះកើតឡើង កម្លាំងនគរបាលជំនាញស្រុកសំបូរ និងកម្លាំងនគរបាលប៉ុស្តិ៍កំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញា ដែលវាយឈ្មោះ អ៊ាប គឹមហេង ឲ្យរងរបួសនោះ យកមកផ្តន្ទាទោសតាមច្បាប់៕