(ឡាវ)៖ ប្រតិភូកម្ពុជាអន្តរក្រសួង រួមមាន៖ តំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការបរទេស និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់ ស្តីពីម្រោងវារីអគ្គិសនី «ប៉ាក់បេង» របស់ឡាវ ដែលប្រព្រឹត្តទៅនៅក្រុងលួងប្រាបាង្គ ប្រទេសឡាវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីពិគ្រោះយោបល់ជាមួយ មន្រ្តីនៃប្រទេសសមាជិក ឡាវ ថៃ វៀតណាម អង្គការសង្គមស៊ីវិលជាតិ (រួមទាំងពីកម្ពុជាផងដែរ) អង្គការតំបន់ និងអន្តរជាតិ វិទ្យាស្ថានសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អ្នកអភិវឌ្ឍគម្រោងសរុបចំនួន១៦៤នាក់។
យោងតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានលើកឡើងថា គម្រោងមានអនុភាពផលិតថាមពលចំនួន ៩១២មេហ្គាវ៉ាត់ ជាគម្រោងទី៣ របស់ឡាវ នៅលើទន្លេមេនៃទន្លេមេគង្គ ដែលបានដាក់ឆ្លងការពិគ្រោះយោបល់ជាមុន បន្ទាប់ពីគម្រោងវារីអគ្គិសនី សាយ៉ាប៉ូរី និងដនសាហុង។ គម្រោងនេះមានចំងាយ ១,៥៤០ គម ពីព្រំដែនកម្ពុជា-ឡាវ និងស្ថិតនៅខាងលើគម្រោងវារីអគ្គិសនីសាយ៉ាប៉ូរី ចម្ងាយ២៧០គម។
ផ្អែកតាមនីតិវិធី ការពិគ្រោះយោបល់ជាមុនដែលមានរយៈពេល៦ខែ នឹងមានកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោងទាំងនៅកម្ពុជា និងនៅថ្នាក់តំបន់ និងការចុះទៅពិនិត្យទីតាំងគម្រោង។ ប្រទេសជាសមាជិក នឹងត្រូវផ្ញើជាផ្លូវការនូវទម្រង់ឆ្លើយតបរបស់ខ្លួនចំពោះការវាយតម្លៃឯកសារគម្រោង ទៅប្រទេសម្ចាស់គម្រោង គ្រោងក្នុងខែមិថុនា ឆ្នាំ២០១៧។
សម្រាប់កម្ពុជា មានក្រុមការងារអន្តរក្រសួង ដើម្បីជួយដល់ដំណើរការវាយតម្លៃ និងការពិគ្រោះយោបល់នៅថ្នាក់ជាតិ។ នៅថ្នាក់តំបន់ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំក្រុមការងារបច្ចេកទេស ដោយមានជំនាញការអន្តរជាតិមួយចំនួន ដើម្បីជួយដល់ដំណើរការពិគ្រោះយោបល់ជាមុន និងការរៀបចំរបាយការណ៌ពិនិត្យឡើងវិញ ផ្នែកបច្ចេកទេស នៃការពិគ្រោះយោបល់ជាមុនរបស់គណៈកម្មការទន្លេមេគង្គ (MRC Prior Consultation Technical Review Report)។
បើតាម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា «គម្រោងវារីអគ្គិសនីប៉ាក់បេង អាចនឹងបង្កឲ្យមានការប្រែប្រួលចរន្តទឹក គុណភាពទឹក បរិមាណដីល្បាប់ ចរាចរត្រី ជីវៈចម្រុះ ដែលនឹងបះពាល់ដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនដែលពឹងអាស្រ័យលើ ធនធានធម្មជាតិនៃទន្លេមេគង្គ។ ការសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គមឆ្លងដែន និងវិធានការកាត់បន្ថយផលប៉ះពាល់ គឺជាអ្វីដែលកម្ពុជា និងប្រទេសជាសមាជិកផ្សេងទៀត ចង់បាន»៕