ដីព្រៃលិចទឹកនៅខេត្តកោះកុង ត្រូវទាហានជើងទឹកចាក់ដីរំលោភយក, នៅថ្ងៃនេះគណៈកម្មការចម្រុះខេត្ត ចុះទៅបញ្ឈប់សកម្មភាពសិន រង់ចាំដំណោះស្រាយ
22-02-2017 15:25
(កោះកុង)៖ គណៈកម្មការចំរុះខេត្តកោះកុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះពិនិត្យព្រៃលិចទឹក១កន្លែង ដែលត្រូវបានលោក សំ វីរៈ ជាមន្ត្រីយោធាជើងទឹក ឈូសឆាយ និងចាក់ដីរំលោភបំពានយកធ្វើកម្មសិទ្ធិរបស់ខ្លួន។ ជាលទ្ធផលគណៈកម្មការចម្រុះរបស់ខេត្ត បានឲ្យបញ្ឈប់ធ្វើការឈូសឆាយ និងចាក់ដីបន្តទៀត លើដីដែលមានទំហំហ្រហែល៥ហិកតានេះ។
ដីព្រៃលិចទឹកដែលត្រូវលោក សំ វីរៈ កំពុងឈូសឆាយរំលោភបំពានយកនោះ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា គណៈកម្មការចំរុះដែលចុះត្រួតពិនិត្យទីតាំងខាងលើនេះ មានការចូលរួមពីមន្រ្តីជំនាញសាលាខេត្ត ប្រធានមន្ទីរធនធានទឹក ខណ្ឌរដ្ឋបាលជលផល ប្រធានមន្ទីរបរិស្ថាន ប្រធានច្រកចេញចូលក្រុង ភូបាលក្រុង និងមន្រ្តីសាលាក្រុងខេមរភូមិន្ទផងដែរ។
នៅពេលគណៈកម្មការចំរុះរបស់ខេត្តកំពុងចុះត្រួតពិនិត្យដីព្រៃលិចទឹកនោះ ស្រាប់តែលោក សំ វីរះ បានចេញមកអះអាងថា ដីគាត់មានប្លង់ និងច្បាប់ត្រឹមត្រូវ តែគាត់មិនបានយកលិខិត ឫប្លង់ឲ្យគណៈកម្មការត្រួតពិនិត្យនៅទីតាំងមើលទេ រង់ចាំមើលពេលក្រោយ។
លោក ប៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា «គណៈកម្មការមិនទាន់អាចវាយតម្លៃបានទេថា ដីនេះមានប្លង់ត្រឹមណាហើយ អត់ប្លង់ត្រឹមណា យើងចាំមើលប្លង់របស់ម្ចាស់ដីសិន តែភាពជាក់ស្តែង ត្រង់ចំណុច គឺជាព្រៃលិចទឹក ហើយម្ចាស់ដីបោះបង្គោលចូលក្នុងព្រៃពាក់កណ្តាលមែន»។
លោកបានបន្តថា «យើងត្រូវបញ្ឈប់ មិនអនុញ្ញាត ឲ្យគាត់បន្តឈូសឆាយ និងចាក់ដីបន្តទៅទៀតឡើយ។ ហើយរង់ចាំគណៈកម្មការត្រួតពិនិត្យទៅលើប្លង់កម្មសិទ្ធិសិន តែថ្ងៃនេះ គណៈកម្មការដើរមើល និងចុកជីវីអេសសិន តើដីខាងនេះមានទំហំប៉ុន្មាន»៕