(ពោធិ៍សាត់)៖ កម្លាំងនគរបាលបន្តអនុវត្តន៍យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសការប្រើប្រាស់ និងលក់ដោយ​ខុសច្បាប់នូវសារធាតុញៀនបានចំនួន ០៤នាក់ រួមទាំងវត្ថុតាង និងសម្ភារផ្សេងៗ នៅស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ច នគរបាលប៉ុស្តិ៍រដ្ឋសំរោង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កាលពីវេលាម៉ោង​៨៖៤៣​នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះឈ្មោះ(នួន ឌីណា) ភេទប្រុស អាយុ២៨ឆ្នាំ ស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំលាំងប៉ុស្តិ៍ចូលរួមសហការពីកម្លាំងប្រជាការពារភូមិ ព័ទចាប់ការប្រើប្រាស់ និងជួញដូរដោយ​ខុសច្បាប់នូវសារធាតុញៀនបានម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

ប្រភពដដែលទៀតថា មុខសញ្ញាជាជនសង្ស័យត្រូវបង្រ្កាបឈ្មោះ ពិន តាំងរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់​នៅ​ភូមិ​ព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងនោះ ដកហូតវត្ថុតាង និសម្ភាររួមមាន៖ ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ធំ ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន១៣ថង់ និងម៉ូតូម៉ាក ហុងដាគប់ជ្រុង ពណ៍ទឹក​សមុទ្រចំនួន០១គ្រឿង បញ្ជាក់ជនសង្ស័យត្រូវបានកម្លាំង ឃាត់ខ្លួនខាងលើ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា សារធាតុញៀនទាំងនេះគេបានមកពីឈ្មោះ សោម សុខាគា ជាអ្នកផ្តល់ឲ្យពួកគេយកទៅប្រើប្រាស់ សម្រាប់រកស៊ីដឹកឈើ។  

ដោយឡែកនៅវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្ត​ពោធិ៍សាត់​ឯនេះវិញ ត្រូវបានប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា កំលាំងធ្វើការបង្រ្កាប​ឃាត់ចាប់មុខសញ្ញាប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣នាក់ រួមទាំងវត្ថុតាង និងសម្ភារនោះដែរ។

ប្រភពខាងលើបន្តថា ជនសង្ស័យត្រូវឃាត់ចាប់ទី១ ឈ្មោះ ទិត្យ មុន្នីរដ្ឋា(ហៅឆ្នុក) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់ភូមិពោលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ សៀ ទីណូភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីនាក់រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ក្នុងនោះកម្លាំងដកហូតនៅវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុ​ញៀន​ចំនួន ០១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ០២គឿង ដាវចំនួន ០១ ញញួរចំនួន ០១ ដែកកេះចំនួន ០៣ ក្រដាស់អាលុយមីញូមចំ​នួន ០១ដុំ ឧបករណ៍សម្រាប់ប្រើប្រាសចំនួន ០១កម្លេរ៕