(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ជំរុញ និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ និងព្រះសង្ឃចូលរួមក្នុងយុទ្ធនាការ បង្រ្កាបគ្រឿងញៀនដែលកម្ពុជា កំពុងដាក់ចេញយុទ្ធនាការក្តៅប្រយុទ្ធប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន ថា ការអំពាវនាវ និងដាក់ចេញយុទ្ធនាការនេះ ដើម្បីទប់ស្កាត់ កុំឲ្យកម្ពុជាមានសង្រ្គាម គ្រឿងញៀនដូចបណ្តាប្រទេសមួយចំនួន ដូចជាម៉ិកស៊ិកជាដើម។

សម្តេចតេជោ ហ៊ុន សែន​ បានផ្តល់យោបល់ថា ក្នុងអំឡុងពេលរាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងនេះ អាណាព្យាបាលគួរប្រឹងប្រែងជួយបន្សាបគ្រឿង ញៀនកូននៅតាមផ្ទះ ប្រសើរជាងការយកទៅបន្សាបនៅតាមមណ្ឌលបន្សាបនានា។ សម្តេចតេជោថា គ្មាននរណាមានលទ្ធភាពជួយបន្សាប គ្រឿងញៀនកូនជាងក្រុមគ្រួសារនោះទេ។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ខណៈសម្តេចចូលរួមនៅក្នុងពិធីសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ ចំនួន១៤៣១នាក់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំថាវិធីសាស្រ្តដ៏ល្អមិនមែនប្រមូលម្តុំពួកគាត់នោះទេ ខ្ញុំសូមអំពាវនាវ ឲ្យក្រុមគ្រួសារទាំងអស់ អប់រំ កូនចៅ យល់ល្អ យកពេលហ្នឹង ឆ្លៀតពេលរាជរដ្ឋាភិបាល បើកយុទ្ធនាការបង្រ្កាប គ្រឿងញៀន គឺឪពុក ម្តាយ ជីដូន ជីតា បងប្អូន ឲ្យកូននៅផ្ទះ បន្សាបនៅផ្ទះ វាល្អជាងជួនកាលមិនមែនពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែវាអាចពាក់ព័ន្ធអ្វីផ្សេងពីនេះ អាចឲ្យកូនក្លាយជាអ្នករងគ្រោះខ្លាំងជាងនេះ ដូច្នេះ អំពាវនាវឲ្យអ្នកទាំងអស់គ្នា ចូលរួមយុទ្ធនាការទប់ស្កាត់ និងការបង្រ្កាបគ្រឿងញៀន នេះជាអ្វីដែលខ្ញុំព្រះករុណាអំពាវនាវបន្ត មានតែវិធីនេះទេ ដែលយើងអាចរក្សាបាននៅសេចក្តីសុខសម្រាប់កូនចៅរបស់យើង ដែលបានក្លាយទៅជាជនរងគ្រោះ ដោយសារគ្រឿងញៀន។ អំពាវនាវប្រជាពលរដ្ឋ ព្រះសង្ឃទាំងអស់ឲ្យចូលរួមតាំងអស់គ្នា ហើយក៏គ្មានអ្នកណាមានលទ្ធភាពជាងក្រុមគ្រួសារ ជាឪពុក ជាម្តាយ ជាបង ជាប្អូន អាណាព្យបាលនោះទេ យល់ល្អបន្សាបគ្រឿងញៀននៅផ្ទះ ប្រសើរជាងបន្សាបនៅកន្លែងប្រមូលផ្តុំ»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖