(ភ្នំពេញ)៖ ផលិតកម្មធំៗចំនួន៣ ដែលកំពុងតែបម្រើក្នុងវិស័យសិល្បៈចម្រៀងយ៉ាងសកម្ម មានដូចជា ផលិតកម្មរស្មីហង្សមាស, Phleng Records និង We Productions បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំនេះ នឹងមានបទនិពន្ធថ្មីៗ ជាច្រើនបទចេញលក់សម្រាប់ទីផ្សារកម្ពុជា ដែលត្រូវបានធ្វើការសម្រិតសម្រាំងយ៉ាងពិសេស ត្រូវចិត្តយុវវ័យ គ្រប់ចង្វាក់ និងគ្រប់វ័យទាំងអស់ ដើម្បីឲ្យកាន់តែមានសភាពខ្លាំងក្លាបន្ថែមទៀត។ នេះបើយោងតាមប្រភពព័ត៌មាន ពីតំណាងរបស់ផលិតកម្ម ហង្សមាស ថ្លែងប្រាប់ឲ្យ Fresh News ដឹងនៅថ្ងៃនេះ។
ប្រពភព័ត៌មានដដែលបានបន្តថា អ្វីដែលពិសេស គឺផលិតកម្ម រស្មីហង្សមាស, Phleng Records និង We Productions ចេញបទទាំងនោះជាច្រើន ព្រមៗគ្នាតែម្ដង ដើម្បីបំពេញតំរូវការអ្នកស្តាប់។ បទនិពន្ធថ្មី ពិតជាត្រូវការធនធាន និងចំណាយពេលវេលាច្រើនណាស់ ល្មមអាចបញ្ចេញក្នុងទីផ្សារបាន។
គេសង្កេតឃើញថា អ្នកគាំទ្រវិស័យចម្រៀងសព្វថ្ងៃ តែងតែចូលចិត្តអ្វីដែលទាក់ទាញ ថ្មី ប្លែកៗ ដែលជាចំណីអារម្មណ៍និងចក្ខុរបស់ពួកគេ។ ទីផ្សារសព្វថ្ងៃ គឺខុសពី១០ឆ្នាំមុន ផលិតកម្មត្រូវស្វែងរកអ្វីថ្មីៗ និងមានគុណភាពស្តង់ដាខ្ពស់ ទើបអាចប្រកួតប្រជែងទាញយក អារម្មណ៍អ្នកគាំទ្របាន មិនមែនចេះតែធ្វើឲ្យរួចពីដៃនោះទេ។ ឆ្នាំនេះប្រិយមិត្តអ្នកគាំទ្រ ទាំងអស់ប្រាកដជា សំបូរបទល្អៗស្តាប់ ខណៈដែល ផលិតកម្មដ៏ធំនៅកម្ពុជា បង្ហើបពីគំរោងបែបនេះ៕