(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) និងគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ កំពុងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងវិមានព្រឹទ្ធសភា។

លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញ, ជួបពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅរសៀលម៉ោង ៤៖០០នាទីថ្ងៃដដែលនេះដែរ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕