(ភ្នំពេញ)៖ បុរសម្នាក់ដែលកម្មករសំណង់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើជាន់ឡៅតឿ ក្នុងការដ្ឋានសំណង់មួយកន្លែង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសែនមនោរម្យ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ នុត ស៊ីថា (ហៅស) អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅ ក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយប្រពន្ធ ឈ្មោះ ភាជ ស្រីណុច អាយុជាង២០ឆ្នាំ កំពុងមានផ្ទៃពោះដំបូង និងជិតគ្រប់ខែទៀតផង។
ដោយឡែក ការស្លាប់របស់ជនរងគ្រោះ សង្ស័យបណ្ដាលមកពីជម្ងឺគាំងបេះដូង ហើយក្រោយពេលនគរបាល ចុះមកធ្វើកោសល្យវិច័យរួច សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលធ្វើការងារចប់ បុរសរងគ្រោះបានផឹកស្រាបៀរជុំគ្នាជាមួយមិត្តភក្ដិ រួមការងារប៉ុន្តែ ខណៈនោះជនរងគ្រោះបានផឹកអស់ តែ២កំប៉ុងប៉ុណ្ណោះ ក៏បានឡើងទៅដេកនៅលើជាន់ឡៅតឿ នៅក្នុងការដ្ឋានសំណង់ខាងលើ។
ខណៈនោះមិនមាននរណាបានដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមិនឃើញគាត់ ក្រោកធ្វើការបុរសម្នាក់ដែលជាមេការសំណង់ បានឡើងទៅមើល និងដាស់ឲ្យក្រោក ដើម្បីធ្វើការស្រាប់តែ ប្រទះឃើញបុរសនោះស្លាប់បាត់ទៅហើយ៕