Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តយុទ្ធនាការចុះត្រួតពិនិត្យផលិតផលវេចខ្ចប់ នៅផ្សារទឹកថ្លា ផ្សាររីករាយ និងម៉ាតកាល់តិច

22-02-2017 13:53

(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងផ្សារទឹកថ្លា ផ្សាររីករាយ និងម៉ាតកាល់​តិច​ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងគ្រឿងអាហារ​ក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរដាក់លក់នៅក្នុងផ្សារទឹកថ្លា ផ្សាររីករាយ និងតាមម៉ាតកាល់តិច។ ពេលចុះត្រួតពិនិត្យ​មន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកមើលកាលបរិច្ឆេទ ហួសសុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល។

លោកអនុប្រធានបានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ក្នុងការចុះ​ស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ជាមួយគ្នានោះ លោក ឆាយ ថូនី បានសរសើរដល់អាជីវករ ដែលបានដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មិនមានដាក់តាំងលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ។ ជាមួយគ្នានេះ លោកក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួង​ពាណិជ្ជកម្ម​​សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញដែលដាក់តាំង​លក់តាមទីផ្សារ ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕