(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅឆ្នាំ២០១៦ សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវ ឃាត់ខ្លួន និង​បណ្ដេញ​ចេញជនអន្តោប្រវេសន៍ខុសច្បាប់ ជិត៣ពាន់នាក់។

សម្តេចក្រឡាហោម បានថ្លែងថា «ឆ្នាំ២០១៦ ចំពោះការងារអន្តោប្រវេសន៍ បានបង្កើតការ​គ្រប់គ្រងជនបរទេស, បង្កើត​គ្រប់គ្រង​ការចេញចូលឆ្លងកាត់ព្រំដែន និងពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដោយធ្វើបច្ចុប្បន្ន​ភាពជនអន្តោ​ប្រវេសន្ត ដោយបន្ត​ពិនិត្យ​នូវឯកសារ លិខិតស្នាម ដែលជនអន្តោប្រវេសន៍ កំពុងកាន់កាប់ ពិសេសការកាន់កាប់​ឯកសារ លិខិតស្នាមមិនស្របច្បាប់ ក្រោមរូបភាពផ្សេងៗ»

សម្ដេចក្រឡាហោមបានបន្តថា ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ តាមប្រព័ន្ធ​អេឡិចត្រូនិច ដល់ជនបរទេសអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងរៀបចំប្រព័ន្ធទិន្នន័យជនបរទេស​អន្តោប្រវេសន៍ទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ការបញ្ចូលទិន្នន័យមុខសញ្ញា ទៅក្នុងប្រព័ន្ធគ្រប់គ្រងមុខសញ្ញា។

សម្តេច ស ខេង បានបញ្ជាក់ទៀតថា កងកម្លាំងនគរបាលអន្តោប្រវេសន៍ បានសហការជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះស្រាវជ្រាវ ឃាត់ខ្លួន និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីកម្ពុជា «ជិត៣,០០០នាក់» ក្នុងឆ្នាំ២០១៦ កន្លងទៅ៕