(បាត់ដំបង)៖ ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរខេត្ត ក្រុងបាត់ដំបង កងកម្លាំង បានចុះត្រួតពិនត្យស្វែងរកសារធាតុគីមីហាមឃាត់ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ ឲ្យយល់ដឹងពីផលប៉ះពាល់សុខភាព នូវទំនិញម្ហូបអាហារផ្សេងៗ នាល្ងាចថ្ងៃទី២១ និងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ហាក់ សុខរិន បានបញ្ជាក់ថានេះជាលើកទី១ហើយ ដែលប្រតភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់រថយន្តចល័តបំពាក់ដោយឧបករណ៍ទំនើប និងមន្រ្តីបច្ចេកទេសមកជាមួយផង ដែលអាចធ្វើការពិសោធន៍ឃើញភ្លាមៗ នូវផលិតផល ម្ហូបអាហារទាំងឡាយណាដែលមានដាក់លាយសារធាតុគីមី ឬ គ្មានសារធាតុនោះ។
ជាក់ស្តែង រយៈពេល២ថ្ងៃនេះក្រុមការងារចម្រុះយើងបានចុះត្រួតពិនិត្យ និងធ្វើតេស្ត៍ស្វែងរកសារធាតុគីមីហាមឃាត់លើផលិតផល បន្លែ ផ្លែឈើ ត្រីសាច់ ស្ករត្នោត គ្រឿងសមុទ្រ ឬទំនិញដែលពាក់ព័ន្ធម្ហូបអាហារប្រចាំថ្ងៃ នៅផ្សារបឹងឈូក និងផ្សារធំបាត់ដំបង (ផ្សារណាត់) ក្នុងក្រុងបាត់ដំបង។
លោក ហាក់ សុខរិន បានបន្តថា ជាលទ្ធផល នៃការត្រួតពិនិត្យស្វែងសារធាតុគីមីហាមឃាត់រយៈពេល២ថ្ងៃនេះសរុប៖ មាន៨០គំរូ ( ៨០ប្រភេទ ) ក្នុងនោះនៅផ្សារបឹងឈូកបានចំនួន៣៤គំរូ និងនៅផ្សារធំបាត់ដំបង (ផ្សារណាត់)មាន៤៦គំរូ គឺពុំមានសារធាតុគីមីហាមឃាត់នោះទេ(សារធាតុ formalin និងសារធាតុ morak )។
លោកបានបញ្ជាក់ទៀតថា សារធាតុហាមឃាត់ទាំងនេះ វាអាចធ្វើឲ្យមានការប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់គ្រប់ៗគ្នា ដូច្នេះស្ថាប័នជំនាញតែងបានចុះត្រួតពិនិត្យជាប្រចាំនៅគ្រប់ទីផ្សារនានាក្នុងខេត្ត ពិសេសតាមច្រកទ្វារព្រំដែនចំពោះអ្នកចូលទំនិញគ្រប់ប្រភេទ។
ជាមួយគ្នានោះដែរ មន្រ្តីជំនាញក៏បានណែនាំ បន្ថែមដល់អាជីវកនិងប្រជាពលរដ្ឋពី បញ្ហាផលប៉ះពាល់សុខភាព ព្រមទាំងបានបិទរូបភាព នៅនឹងកន្លែងលក់ផ្ទាល់ជាច្រើនកន្លែង ដើម្បីឲ្យពួកគាត់បានឃើញនិងយល់កាន់តែច្បាស់ពិតប្រាកដជាងមុនផងដែរ។
លោកប្រធានក៏បានសំណូមពរដល់អាជីវករទាំងអស់ ក្នុងផ្សារកុំឲ្យនាំចូលទំនិញខូចគុណភាព ជាពិសេសម្ហូបអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវខ្វះអនាម័យ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់ សូមមេត្តាពិនិត្យមើលទំនិញនោះឲ្យបានម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាព មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ យើងទាំងអស់គ្នា។
គួររំលឹកថា មន្រ្តីសាខាកាំកុងត្រូលខេត្ តដែលជាសមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមផ្សារគ្រប់ទីកន្លែង ក៏ដូចជានៅតាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ ហើយបានបញ្ជាដល់មន្រ្តីកាំកុងត្រូលដែលប្រចាំការគ្រប់មាត់ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យនូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព ព្រមទាំងបានបន្តចុះធ្វើជាប្រចាំរហូត ទាល់តែអ្នកនាំទំនិញចូលនិងអ្នកប្រើប្រាស់បានយល់ជ្រាបច្បាស់បានគ្រប់ៗគ្នា។
នាឱកាសនោះលោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង បានធ្វើការផ្តាំផ្ញើដល់អាជីវករ លក់ដូរទំនិញនៅផ្សារនានាក្នុងក្រុងបាត់ដំបង ត្រូវចូលរួមទាំងអស់គ្នា កុំលក់ទំនិញម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់និងដើម្បីចូលរួមរក្សាអនាម័យ សុខភាព សុវត្តិភាពទាំងអស់គ្នា៕