(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការមួយច្បាប់ ដោយស្នើគ្រប់ប្រព័ន្ធផ្សព្វផ្សាយរត់អក្សរតាមអេក្រង់ទូរទស្សន៍ និងគេហទំព័រឲ្យបានញឹកញាប់ថា «ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់ឯកជន១០០% ហើយមិនមែនរបស់រដ្ឋឡើយ»។
ការចេញលិខិតរបស់ក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយសម្តេចមានប្រសាសន៍ថា សូមឲ្យបណ្តាប្រព័ន្ធសផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ផ្នែក Online ធ្វើយុទ្ធការ ផ្សព្វផ្សាយ១ឆ្នាំពេញ សារព័ត៌មានទាំងអស់ផ្សាយនៅក្បាលខាងលើដាក់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»៕