(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាវេលាថ្ងៃត្រង់ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្មាននាទីមុននេះ បានបង្ហោះសារស្វាគមន៍នៅលើទំព័រ Facebook ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) មកកាន់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «កម្ពុជាសូមស្វាគមន៍ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រមានិតឡាវ។ នៅម៉ោង៨៖៤៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧»។
សូមបញ្ជាក់ថា លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ កម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នៅរសៀលម៉ោង ៤៖០០នាទីថ្ងៃដដែលនេះដែរ លោកប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ នឹងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕