(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ បន្តអំពាវនាវដោយទទូចនិងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ មិនមែនជារបស់រដ្ឋនោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធនាគារជាតិ គ្មានសិទ្ធិផ្តល់ប្រាក់កម្ចី ជូនប្រជាពលរដ្ឋនោះទេ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា កន្លងមកមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា ជារបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថាការដែលគណបក្សប្រឆាំងឃោសនាថា នឹងលុបបំណុលជូនប្រជាពលរដ្ឋពេលឈ្នះឆ្នោតនោះ គឺជាគ្រោះមហន្តរាយធំណាស់ សម្រាប់ប្រទេសជាតិ ព្រោះវាជាការលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋទៅខ្ចីបុលលុយ កាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដោយទទូច និងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ចំពោះមីក្រូហិរញ្ញាវត្ថុដែលឲ្យប្រាក់កម្ចី ដល់ប្រជាពលរដ្ឋទាំងអស់ សុទ្ធតែរបស់ឯកជន មិនមែនរបស់រដ្ឋទេ។ កន្លងទៅនេះមានការភាន់ច្រឡំធំណាស់ ដែលថាជំពាក់ប្រាក់រដ្ឋ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គ្មានសិទ្ធិឲ្យពលរដ្ឋខ្ចីទេ នេះជាច្បាប់តែម្តង អត់មានសិទ្ធិទេ មានលទ្ធភាពឲ្យរាជរដ្ឋាភិបាលខ្ចី ពីព្រោះមិនមែនលុយនៅធនាគារជាតិ មិនមែនលុយរបស់រាជរដ្ឋាភិបាលទេ។ ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាលមួយផ្សេងទៀត សល់ប្រាក់យកទៅផ្ញើនៅធនាគារ ធនាគារគេត្រឹមមិនឲ្យការប្រាក់ ថែមទាំងយកកំរៃជើងសារទៅទៀត។ គណបក្សប្រឆាំងបានទៅសន្យាថា បើឈ្នះលុបចោលបំណុលទាំងអស់ នេះជាគ្រោះមហន្តរាយ ហើយមហន្តរាយបំផុត គឺប្រជាជនជាប់បំណុលទាំងអស់ ហើយត្រូវគេរឹបអូសផ្ទះ បំណុលទាំងអស់នេះ មិនអាចលុបបានទេ បើគណបក្សប្រឆាំងចង់លុបទាល់តែធ្វើរដ្ឋប្រហារ គឺរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញា លុបចោលប្រព័ន្ធច្បាប់ទាំងអស់ធ្វើនេះ តូបនីយកម្មទាំងអស់ ចឹងមានតែរដ្ឋម្តងទៀត ជួបសម័យប៉ុលពតម្តងទៀត»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បន្ថែមថា «អាលូវនេះយើងត្រូវធ្វើវិធានការយុទ្ធនាការមួយទូទាំងប្រទេស អប់រំប្រជាពលរដ្ឋឲ្យយល់ថា មីក្រូហិរញ្ញាវត្ថុ គឺមិនមែនជារបស់រដ្ឋទេ តែជារបស់ឯកជន។ខ្ញុំសូមនិយាយខ្លួនឯងតែម្តង សូមឲ្យបណ្តាប្រព័ន្ធសផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ផ្នែក Online ធ្វើយុទ្ធការ ផ្សព្វផ្សាយ១ឆ្នាំពេញ សារព័ត៌មានទាំងអស់ផ្សាយនៅក្បាលខាងលើដាក់ថា«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ ដាក់ទៅ ដាក់ក្បាលព័ត៌មានចឹងម៉ង់ ដាក់នៅទំព័រទី១ ដាក់ទៅខ្ញុំធ្វើកិច្ចការជំនួសរដ្ឋមន្រ្តីក្រសួងព័ត៌មានទៅចុះ»៕
សម្តេចតេជោ ហ៊ុន សែន ថាបើប្រព័ន្ធផ្សាយណាមិនផ្សាយ គឺមានចេតនាឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់រដ្ឋ ហើយប្រជាពលរដ្ឋកំពុងខ្ចី និងជំពាក់បំណុលរដ្ឋ៕