(ភ្នំពេញ)៖ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI STEEL ដែលជាក្រុមហ៊ុនផលិតដែកទីប និងស័ង្កសីដ៏ធំក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុនខ្លួន គឺជាក្រុមខ្មែរសុទ្ធសាធ ដោយផ្ដល់ឱកាសឲ្យសិស្ស-និស្សិត និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលបម្រើការងារ ដោយមិនប្រកាន់ភេទ ឬកាយសម្បទាពិការនោះឡើយ។
ការថ្លែងបែបនេះ ស្របពេលក្រុមហ៊ុនអនុញ្ញាត ឲ្យនិស្សិតសាលាបច្ចេកទេសដុនបូស្កូ ភ្នំពេញ ចំនួន៥០នាក់ ចូលទស្សនកិច្ចសិក្សា ក្នុងរោងចក្រកែច្នៃដែករបស់ខ្លួន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ការលើកឡើងរបស់អគ្គនាយក្រុមហ៊ុនខាងលើនេះដែរ គឺបន្ទាប់ពីតំណាងនិស្សិត សាលាបច្ចេកទេសដុនបូស្កូលោក គង់ គឹមនីន បានត្អូនត្អែរពីទីផ្សារការងារ របស់និស្សិតស្រី និងជនពិការ ដែលត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយចំនួន ពុំសូវផ្ដល់តម្លៃ ឬឱកាសការងារដល់ពួកគេ ទោះបីពួកគេបានឆ្លងកាត់ ការសិក្សាជំនាញត្រឹមត្រូវក៏ដោយ ។
ថ្លែងក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើ លោករំពឹងថា ក្រុមហ៊ុន ISI STEEL នឹងទទួលយកពួកគេ ដើម្បីរួមចំណែកលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ គ្រាដែលភាគច្រើននិស្សិត នៃសាលាបច្ចេកទេសដុនបូស្កូ ជានិស្សិតក្រីក្រទទួលបាន អាហារូបករណ៍ មកសិក្សាជំនាញប៉ុណ្ណោះ ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក កាំង ឡេង បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនលោកបានទទួលនិស្សិត មានជំនាញ ពាក់ព័ន្ធខ្សែ ផលិតកម្មរបស់ខ្លួនខ្ទង់ ១០០នាក់ឯណោះ ។ ដោយឡែកចំពោះស្ដ្រី ឬជនពិការក៏ទទួលបានការលើកទឹកចិត្ត ឲ្យចូលបម្រើការងារស្មើៗគ្នាដូចបុរសដែរ ។
លើសពីនេះ លោកបានត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការជាមួយសាលាដុនបូស្កូ ដើម្បីនាំយកនិស្សិតមកបម្រើការងារឲ្យក្រុមហ៊ុន ហើយថែមទាំងប្រកាសផ្ដល់អាហាររូបករណ៍សិក្សានៅដុនបូស្កូមទៀតផង ។ លោកបន្ដថា «ក្រុមហ៊ុនខ្ញុំ គឺផ្ដល់ឱកាសការងារ ស្មើគ្នាទាំងស្ដ្រី និងបុរស រួមទាំងជនពិការជាដើម ដោយគ្មានការរើសអើងនោះទេ» ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ISI STEEL បានបង្កើតឡើងកាលពីឆ្នាំ១៩៩៧ ហើយមកទល់បច្ចុប្បន្នមានអាយុកាល ២០ឆ្នាំហើយ ដោយមានបុគ្គលិកជាង ១,០០០នាក់ឯណោះ ដើម្បីរួមចំណែកផលិតគ្រឿដែកតាមតម្រូវការរបស់អតិថិជនក្នុងមួយខែៗ ដែលផលិតផលទាំងនោះ រួមមានដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ រួមទាំងសង្ក័សីជាច្រើនប្រភេទទៀត ។ ហើយបុគ្គលិកទាំងអស់ បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ដោយស្ដែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្នុងក្រុមហ៊ុនជាដើម ៕