(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបាននិយាយថា ខ្លួនកំពុងស្វះស្វែងស្នើសុំកិច្ចសហប្រតិបត្តិការពីទីក្រុងព្យុងយ៉ាង ដើម្បីសួរចម្លើយមន្ត្រីស្ថានទូតកូរ៉េខាងជើងម្នាក់នៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតលើករណីឃាតកម្មលោក គីម ជុងណាំ ខណៈជនសង្ស័យជាបុរសម្នាក់ទៀត ត្រូវបានគេជឿជាក់ថាជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង North Korean airline។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មេបញ្ជាការប៉ូលិស លោក Khalid Abu Bakar បានឱ្យដឹងថា បុរសជាជនសង្ស័យទំាងពីរនាក់ខាងលើ កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយ ហើយលោកអះអាងថា មន្ត្រីទូតកូរ៉េខាងជើងដែលជាប់សង្ស័យនោះមានឋានៈជាលេខាលំដាប់ទី២ នៅស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ។
បន្ថែមពីលើនេះលោកមេបញ្ជាការប៉ូលិសរូបនេះ ក៏បានបញ្ជាក់ឡើងវិញដែរថា ប៉ូលិសម៉ាឡេស៊ី នៅតែជឿជាក់ដដែលថា ជនសង្ស័យជាជនជាតិកូរ៉េខាងជើង ០៤នាក់ ដែលបានចាកចេញពីម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃលោក គីម ជុងណាំ ត្រូវគេធ្វើឃាតបានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ហើយ។ «យើងបានផ្ញើលិខិតមួយទៅកាន់ស្ថានទូតកូរ៉េខាងជើង ដើម្បីអនុញ្ញាតឱ្យយើងសួរចម្លើយអ្នកទំាងពីរនាក់នេះ។ ដូច្នេះយើងសង្ឃឹមថាស្ថានទូតកូរ៉េខាងជើង នឹងធ្វើកិច្ចសហការជាមួយយើងក៏ដូចជាអនុញ្ញាតឱ្យយើង សួរសម្លើយជនសង្ស័យទំាងពីរនាក់ឱ្យបានឆាប់ បើពុំដូច្នោះទេយើងនឹងចាត់វិធានការបង្ខំឱ្យពួកគេមកជួបយើង»។ នេះបើតាមការលើកឡើងរបស់លោក Khalid Abu Bakar។
គួរបញ្ជាក់ថានៅថ្ងៃពុធនេះដែរអាជ្ញាធរម៉ាឡេស៊ីអះអាងថា ពុំទាន់មានក្រុមគ្រួសារសាច់ញាតិលោក គីម ជុងណាំ ធ្វើដំណើរមកកាន់ទីក្រុងគូឡាឡាំពួរ ឬផ្ដល់គំរូ DNA បញ្ជាក់ពីអត្តសញ្ញាណសាកសពដូចការ ចុះផ្សាយពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។ រីឯកូរ៉េខាងជើងជឿថាសាកសពនេះ មិនមែនជាលោក គីម ជុងណាំ តែជាបុរសម្នាក់មានឈ្មោះថា គីម ចុល៕