(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានរៀបចំសម្ភារៈធ្វើដំណើរជូនលោក អេង ខេង ដែលមានជំងឺមហារីកមាត់ ត្រៀមធ្វើដំណើរទៅព្យាបាលនៅប្រទេសអូស្រា្តលី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្ភារៈធ្វើដំណើរដែលក្រុមហ៊ុនរៀបចំជូនរួមមាន វ៉ាលីធ្វើដំណើរ អាវរងាអាវយឺតដៃវែង មួក និងបំពង់ទឹកក្តៅ។
នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីសលោកបណ្ឌិតអ៊ឹម សុធារិទ្ធថ្លែងថា «ក្រុមហ៊ុនតែងតែរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា ដូចជាជួយដល់មន្ទីរពេទ្យសាលារៀន និស្សិតក្រីក្រ ជាពិសេសក្នុងគ្រាអាសន្នបែបនេះ។ យើងសូមជូនពរឲ្យការវះកាត់នេះទទួលបានជោគជ័យ»។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីតបានឧបត្ថម្ភថវិការសរុប២៥,០០០ដុល្លារ តាមរយៈសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ ដើម្បីបញ្ជួនលោកអេង ខេងទៅធ្វើការវះកាត់មាត់នៅប្រទេសអូស្រ្តាលី៕