(រតនគិរី)៖ មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយអធិការក្រុងបានលុង និងមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការ «១១១១ មួកសុវត្ថិភាព» ដើម្បីបំពាក់មួកសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជិះម៉ូតូគ្មានមួកសុវត្ថិភាព នៅតាមដងផ្លូវមួយចំនួន ក្នុងខេត្តរតនគិរី។
លោកវរៈសេនីយ៍ឯក អ៊ុង សុភាព ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ បានឲ្យដឹងថា មួកសុវត្ថិភាពទាំងនេះទទួលបានការឧបត្ថម្ភពីលោក ថង សាវុន អភិបាលខេត្តរតនគិរី ហើយយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋស្រលាញ់មួកសុវត្ថិភាព គឺប្រៀបដូចជាការស្រលាញ់អាយុជីវិតខ្លួនឯង និងកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ។
មូលហេតុដែលយកលេខ ១១១១ នេះ លោកបញ្ជាក់ថា គឺអាជ្ញាធរចង់បង្ហាញថាជីវិតមនុស្សម្នាក់ៗមានតែ១ ប៉ុណ្នោះ ដូចនេះត្រូវតែរក្សាជីវិតឱ្យបានល្អ ហើយយុទ្ធនាការនេះ នឹងចុះធ្វើជាបន្តបន្ទាប់ ទាំង៩ ក្រុង-ស្រុក រហូតដល់អស់មួកសុវត្ថិភាព។ ក្រុមការងារនឹងសិក្សាអំពីលទ្ធផលដើម្បីរកវិធានការបន្ទាប់ទៀត។
ក្រៅពីការចែកមួកសុវត្ថិភាពនេះ សមត្ថកិច្ចចរាចរណ៍ ក៏បានបិទស្ទីគ័រជូនប្រជាពលរដ្ឋផងដែរ ដោយមានពាក្យស្លោក ថា «ស្រលាញ់មួកសុវត្ថិភាព ដូចស្រលាញ់ជីវិតខ្លួនឯង» ជំនួសដោយការផាកពិន័យ៕