(ភ្នំពេញ)៖ យុវជន​ដែលអំពាវនាវធ្វើបដិវត្តពណ៌ឈ្មោះ គង់​ រ៉ៃយ៉ា​ ហៅ​ Soriya KoKo​ បានចាកចេញពីពន្ធនាគាហើយ នៅវេលាម៉ោងជាង៩៖០០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីអនុវត្តទោសនៅក្នុងពន្ធនាគារ អស់រយៈពេល១៨ខែ។

យុវជន​ឈ្មោះ​ គង់ រ៉ៃយ៉ា ត្រូវ​បាន​​តុលាការ​​ក្រុងភ្នំពេញសម្រេចឃុំ​ខ្លួន ​ដាក់​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពីរូបគេបានអំពាវនាវឱ្យមានការចូលរួមធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook កាលពីខែសីហា ឆ្នាំ២០១៥។

ក្រោយពេលចេញពីពន្ធនាគារនៅព្រឹកមិញនេះ យុវជន គង់ រ៉ៃយ៉ា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់រូបគេឱ្យលត់ដំខ្លួននៅក្នុងពន្ធនាគារ ហើយថាការជាប់ពន្ធនាគារនេះបានជំរុញឱ្យរូបគេមានការផ្លាស់ប្តូរស្ទើតែទាំងស្រុង​។

រ៉ៃយ៉ា បាននិយាយថា៖ «ជាដំបូងខ្ញុំអរគុណ ដល់រាជរដ្ឋាភិបាលដែលបានចាប់ខ្ញុំដាក់ពន្ធនាគារ ដែលស្ទើតែផ្លាស់ប្តូខ្ញុំទាំងស្រុង។ ខ្ញុំជាប់ពន្ធនាគារ១ឆ្នាំកន្លះ ខ្ញុំបានស្វែងយល់ពីខ្លួនឯងច្រើន។ កាលពីមុនខ្ញុំគិតតែមួយឆាវៗ ប្រៀបបីដូចជាគោស្ទាវឡើងកមិនដឹងខ្យល់ ប៉ុន្តែមកដល់ពេលនេះ បទពិសោធន៍របស់ខ្ញុំនៅក្នុងពន្ធនាគារ​ធ្វើឱ្យខ្ញុំទទួលបានច្រើន ហើយក៏ជូចត់ខ្លាំងដែរ»

យុវជនរូបនេះ បានបន្ថែមថា «ដោយសារតែបទពិសោធន៍ នៅក្នុងពន្ធនាគារនេះហើយ បានធ្វើឱ្យខ្ញុំកាន់តែរឹងមាំ។ ពីមុនខ្ញុំគិតត្រឹម៥០ភាគរយទេ ប៉ុន្តែឥឡូវ១០០ភាគរយ។ ខ្ញុំនឹងបន្តការងាររបស់ខ្ញុំ ដើម្បីប្រទេសជាតិខ្ញុំ សង្គមខ្ញុំ និងពលរដ្ឋខ្ញុំ»

យុវជន​ គង់ រ៉ៃយ៉ា ត្រូវ​បាន​​តុលាការ​​ក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៨ខែ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ហើយឈានទៅដល់ការកាត់ទោសនេះ ដោយសារតែយុវជន គង់ រ៉ៃយ៉ា បានអំពាវនាវលើបណ្តាញសង្គម កាលពីដើមខែសីហា ឆ្នាំ២០១៥ ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបដិវត្តពណ៌។

យុវជន​​​ គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​facebook កាលពីឆ្នាំ២០១៥ យ៉ាងដូច្នេះថា​៖ «​តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌​ដើម្បីផ្លាស់ប្តូររបបមួយ​នេះចេញ​ពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»​