
ចូលរួមទស្សនាព្រឹត្ដិការដ៏អស្ចារ្យនៃមហោស្រពភាសា និងវប្បធម៌អន្តរជាតិនៅកម្ពុជាលើកទី៣ ទាំងអស់គ្នានៅកោះពេជ្រនាថ្ងៃទី២៥កុម្ភៈខាងមុខនេះ!
22-02-2017 11:51
(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ អ្នកទាំងអស់គ្នាអាចមកដកយកបទពិសោធន៍ នៃមហោស្រពភាសា និងវប្បធម៌អន្តរជាតិនៅកម្ពុជា លើកទី៣ ដែលបានរៀបចំដោយ អង្គការភាសា និងវប្បធម៌អន្តរជាតិកម្ពុជា (ILCO) ដោយមានកិច្ចសហការជាមួយនឹង សាលាអន្តរជាតិហ្សាម៉ាន់ និងវិទ្យាស្ថានសន្ទនាមេគង្គ ដោយក្នុងឱកាសនោះ ក៏មានស្តង់ចំនួន៤៤ផ្សេងទៀត ក្នុងចំណោមប្រទេសទាំងអស់ សរុបចំនួន៤៥ប្រទេសផងដែរ។
ស្តង់នីមួយៗទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា ទៅលើភាពខុសប្លែក គ្នា ព្រមទាំងមានព័ត៌មានច្បាស់លាស់ និងមានរចនាពណ៌ចម្រុះ មានល្បែងកំសាន្ត ប្រកបដោយភាពច្នៃប្រឌិត និងម្ហូបអាហារ ដែលនឹងមានផ្តល់ជូនដោយឥតគិតថ្លៃ និងសម្រាប់លក់ជាច្រើនទៀត។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅអាគារA រួមជាមួយនឹង ភាពគួរឱ្យភ្ញាក់ផ្អើលផ្សេងៗទៀត នៅអាគារB នៃសាលមហោស្រពកោះពេជ្រ។
កាន់តែពិសេសនោះ មានទាំង របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ រួមទាំងចម្រៀង និងតន្ត្រីសព្វបែបយ៉ាង ដែលនឹងចូលមកធ្វើឱ្យអ្នកសប្បាយរីករាយពេញមួយថ្ងៃ ដែលនេះ គឺជាបទពិសោធន៍មួយ ដែលអ្នកមិនអាចរំលង និងបំភ្លេចមិនបានក្នុងរយៈពេល ដ៏យូរអង្វែង។ អ្នកក៏ប្រហែលជាអាចរកឃើញនូវអ្វី ដែលអ្នកមិនទាន់បានស្គាល់ នៅពេលអ្នកទៅទស្សនាប្រទេសទាំងនោះ។
សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីទទួលបាននូវបទពិសោធន៍ជាច្រើន ក្នុងព្រឹត្ដិការនោះ ជាមួយនឹងភាពល្អឥតនៃការរៀបចំ គ្រប់បែបយ៉ាង ទាំង ភាសា វប្បធម៌ចម្រុះជាតិសាសន៍ អាហារមានរសជាតិឈ្ងុយឆ្ងាញ់ពិសា ប្លែកមាត់តែម្ដង និងចែករំលែកនូវបទពិសោធន៍ជាច្រើនមុខទៀត ៕