(ភ្នំពេញ)៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំងរួចរាល់ នៅវេលាម៉ោង១១៖១៥ នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធីបតី និងគណៈប្រតិភូឡាវ ​បានអញ្ជើញទៅដល់វិមានឯករាជ្យហើយ ដើម្បីរៀបចំបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅស្តូបក្បែរនោះ។

នៅទីនោះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធីបតី និងគណៈប្រតិភូឡាវ ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សណ្ឋាគារសូហ្វីតែល ត្រូវបានទទួលជ្រើសរើស ដើម្បីផ្តល់ការស្នាក់អាស្រ័យដល់ប្រធានាធិបតីឡាវ សម្រាប់ទស្សនកិច្ចលើកនេះ។

ខណៈដែលប្រធានាធិបតីឡាវ ប៊ុនញ៉ាំង វរជិត មកដល់ប្រទេសកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបទទួលបដិសណ្ឋាកិច្ចស្វាគមន៍ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕