(ភ្នំពេញ) ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា របាយការណ៍របស់អង្គការ COMFREL បានផ្តល់ភាពអយុត្តិធម៌ ដល់គណបក្សប្រជាជនកម្ពុជា ហើយមានលក្ខណៈលម្អៀង ទៅរកគណបក្សប្រឆាំង។ ទន្ទឹមនឹងគ្នានេះ លោកបានអះអាងថា រាល់ការចុះមូលដ្ឋានរបស់ក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មិនចាំបាច់រាយការណ៍ជូនអង្គការ នេះឡើយ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) បានចេញរបាយការណ៍មួយ កាលពីម្សិលមិញ ដោយប្រកាសថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចុះទៅកាន់មូលដ្ឋានជួបពលរដ្ឋតិចតួចជាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
អង្គការខុមហ្វ្រែល បានអះអាងថា តំណាងរាស្ត្របក្សប្រឆាំងចំនួន៤៥រូប ចុះមូលដ្ឋានបានច្រើនជាងគេរហូតដល់ជាង ១ពាន់ដង បើធៀបនឹងតំណាងរាស្ត្រមកពីបក្សកាន់អំណាចចំនួន ៥៦រូប ចុះបានត្រឹមតែជាង ៦០០ដងប៉ុណ្ណោះ។
លោក សុខ ឥសាន បានលើកឡើងថា ការវាយតម្លៃរបស់អង្គការ COMFREL នេះ វាមិនយុត្តិធម៌ទេ ហើយការធ្វើការរបស់តំណាង រាស្ត្រគណបក្សមិនមែនដើម្បីរាយការណ៍ ទៅអង្គការខុមហ្វ្រែលឲ្យជ្រាបនោះដែរ ហើយក៏មិនមែនធ្វើតម្រូវចិត្តរបស់អង្គការខុមហ្វ្រែល នោះដែរ។ លោកលើកឡើងយ៉ាងដូច្នេះថា «ការចុះទៅនេះដើម្បីសួរសុខទុកប្រជាពលរដ្ឋនៅមូលដ្ឋាន និងដើម្បីដោះស្រាយរាល់បញ្ហា ដែលជួបប្រទះនៅមូលដ្ឋាន ត្រង់គាត់ដឹងឬមិនដឹង យើងមិនដឹងទេ»។
ដោយឡែកទាក់ទងនឹងការលើកឡើងថា បក្សកាន់អំណាចបានបំពានអភ័យឯកសិទ្ធិ និងបន្ថយតួនាទីរបស់តំណាងរាស្ត្រ គណបក្សប្រឆាំងនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងនោះ មិនមែនរំលោភលើរដ្ឋធម្មនុញ្ញ ឬអភ័យឯកសិទ្ធិនោះទេ ប៉ុន្តែគឺជាបទល្មើសជាក់ស្តែង។ លោកបញ្ជាក់ថា អភ័យឯកសិទ្ធិមិនអាច ការពារតំណាងរាស្រ្តដែលប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ៕