(ភ្នំពេញ)៖ នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធីបតី និងគណៈប្រតិភូឡាវ បានអញ្ជើញទៅដល់ព្រះបរមរាជវាំងហើយ ដើម្បីចូលគាល់ព្រះមហាក្សត្រកម្ពុជា។
លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ មកប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ សណ្ឋាគារសូហ្វីតែល ត្រូវបានទទួលជ្រើសរើស ដើម្បីផ្តល់ការស្នាក់អាស្រ័យដល់ប្រធានាធិបតីឡាវ សម្រាប់ទស្សនកិច្ចលើកនេះ។
ខណៈដែលប្រធានាធិបតីឡាវ ប៊ុនញ៉ាំង វរជិត មកដល់ប្រទេសកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបទទួលបដិសណ្ឋាកិច្ចស្វាគមន៍ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃដំបូងនេះ លោកប្រធានាធិបតីឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅម៉ោង១០៖៣០នាទីព្រឹក។ បន្ទាប់មកលោកនឹងទៅកាន់ វិមានឯករាជ្យ ដើម្បីបំពាក់កម្រងផ្កា និង ទៅកាន់ស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធផងដែរ។
ភារកិច្ចបន្ទាប់ គឺលោកប្រធានាធិបតីឡាវ នឹងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នៅម៉ោង២៖២០នាទីរសៀល, ជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាម៉ោង២៖៥៥នាទីរសៀល និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាម៉ោង៣៖៣០នាទីរសៀល៕