(ភ្នំពេញ)៖ ដើម្បីជម្រុញកំណើនភ្ញៀវទេសចរ ក្នុងពេលបច្ចុប្បន្ន និងទៅចំពោះមុខ ក្រសួងទេចរណ៍ បានរៀបចំខ្សែទស្សនកិច្ចទេសចរណ៍មួយ ចាប់ពីថ្ងៃទី២០-២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទៅកាន់ប្រទេសឡាវ។
ដំណើរទស្សនកិច្ចទេសចរណ៍នេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្តទាំងពីរ គឺខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តចាំប៉ាសាក់ របស់ឡាវ ក្នុងនោះដែរ ក៏មានការដឹកនាំពីអគ្គនាយករងទេសចរណ៍ និងមន្ត្រីជំនាញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរទេសចរណ៍តាមបណ្តាខេត្តចំនួន០៧ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ដំណើរទស្សនកិច្ចទេសចរណ៍នេះ ក៏មានការចូលរួមពីវិស័យឯកជន ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងតំណាងសណ្ឋាគារ សរុបចំនួន២៨រូប ផងដែរ។
មន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា «ដំណើរទសន្សកិច្ចទេសចរណ៍នេះ មានគោលបំណងជម្រុញការផ្សព្វផ្សាយ សក្តានុពលទេសចរន៍របស់ខេត្ត នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ)សំដៅទាក់ទាញទេសចរ រៀបចំនូវកញ្ចប់សេវាកម្មទេសចរណ៍ភ្ជាប់ពីគោលដៅ តំបន់បេតិកភ័ណ្ឌ វប្បធម៌ វត្តភូ (ចាំប៉ាសាក់) ស្ទឹងត្រែង តំបន់អេកូទេសចរណ៍បណ្តាខេត្តភូមិភាគឦសាន ព្រះវិហារ និងឆ្ពោះទៅតំបន់ទេសចរណ៍ បេតិកភ័ណ្ឌ វប្បធម៌ អង្គរ និងជម្រុញការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម( CLV) និងជម្រុញភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី០៣ ចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងខេត្តស្ទឹងត្រែងផងដែរ»៕