(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាច្រើនរយនាក់។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម បានលើកឡើងនូវសមិទ្ធផល ការងារធំៗចំនួន៧ ដែលក្រសួងមហាផ្ទៃសម្រេចបាន រួមមាន៖ ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ពីការប៉ុនប៉ងរបស់ក្រុមជ្រុលនិយមមួយចំនួន, ការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព, ការងារអន្តោប្រវេសន៍, ការងារអត្តសញ្ញាណកម្ម, ការពង្រឹងសមត្ថភាពមន្ត្រីរាជការ, ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការចូលរួមចំណែកការពារបូរណភាពទឹកដី ជាដើម។
សមិទ្ធផលធំៗទាំង៧នោះរួមមាន៖
១៖ បើទោះបីក្រុមជ្រុលនិយមមួយចំនួន នៅតែចិញ្ចឹមមហិច្ឆិតាញុះញង់ ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គមយ៉ាងណាក្តី ក៏កម្ពុជានូវតែបន្តរក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងស្គមទាំង ដែលជាការផ្តល់ភាពអនុគ្រោះដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយសម្រេចបានកំណើនសេដ្ឋកិច្ច៧%ជាបន្តទៀត។
២៖ ជំរុញអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីពង្រឹងឲ្យបានកាន់តែរឹងមាំថែមទៀត នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការគោរពច្បាប់សំដៅជំរុញឲ្យបានខ្លាំងក្លានូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព រយៈពេលវែងជាបន្តទៀត និងដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងសង្គមទាំងមូល រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនូវយុទ្ធនាការព្រមៗគ្នាទូទាំងប្រទេស ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស រួមមានប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់ សកម្មភាពលួច ឆក់ ប្លន់ ពិសេសអំពើប្លន់ប្រដាប់អាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ការបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ បទល្មើសនេសាទនៅបឹងទន្លេសាប និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
៣៖ ការងារអន្តោប្រវេសន៍ ក៏បានបង្កើតការគ្រប់គ្រងជនបរទេស ការគ្រប់គ្រងការចេញចូលឆ្លងកាន់ព្រំដែន និងការពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន្ត ដោយធ្វើបច្ចុប្បន្នភាពជនអន្តោប្រវេសន្ត ដោយបន្តពិនិត្យនូវឯកសារ លិខិតស្នាម ដែលជនអន្តោប្រវេសន្តកំពុងកាន់កាប់ ពិសេសការកាន់កាប់ឯកសារ លិខិតស្នាមកម្ពុជាមិនស្របច្បាប់។ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រង និងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ តាមប្រព័ន្ធអេឡិកត្រូនិច ដល់ជនបរទេសអន្តោប្រវេសន្ត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏កំពុងរៀបចំប្រព័ន្ធទិន្នន័យជនបរទេស អន្តោប្រវេសនត្ត ទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ការបញ្ចូលទិន្នន័យមុខសញ្ញា ទៅក្នុងប្រព័ន្ធគ្រប់គ្រងមុខសញ្ញា។ ទន្ទឹមនេះ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជា នូវជនអន្តោប្រវេសន្ត ខុសច្បាប់ជិត៣ពាន់នាក់ ក្នុងឆ្នាំ២០១៦។
៤៖ ចំពោះការងារអត្តសញ្ញាណកម្ម ក៏ត្រូវបានខិតខំសម្រេចសមិទ្ធផលជាច្រើន ជាពិសេសលើការគ្រប់គ្រង និងការកែលម្អសេវារដ្ឋបាល វិស័យអត្តសញ្ញាណកម្មកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងកៀកប្រជាពលរដ្ឋ ជាអាទិ៍ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រេចបាន៨៦% នៃផែនការ និងបានបញ្ជូនទិន្នន័យអត្តសញ្ញាណប័ណ្ណប្រមាន ៩២១៣៤២៦ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ឈ្មោះផងដែរ។ ទន្ទឹមនេះ ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណតែមួយ ត្រឹមត្រូវពិតប្រាកដ ក្រសួងមហាផ្ទៃ រៀបចំផែនការយុទ្ធសាស្ត្រស្តីពី អត្តសញ្ញាណកម្ម រយៈពេល១០ឆ្នាំ និងត្រូវបានរាជរដ្ឋាភិបាលអនុម័តរួចហើយ សំដៅបង្កើនប្រព័ន្ធរួមគ្រប់គ្រងអត្តសញ្ញាណប្រជាជន តាមរយៈប្រព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។
៥៖ អំពីការពង្រឹងស្ថាប័ន ក្រសួងមហាផ្ទៃ បានស្នើរាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវ អនុក្រឹត្យថ្មីស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ។ លើមូលដ្ឋាននេះ ក្រសួងក៏បានដាក់ចេញនូវ ប្រកាសស្ដីពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធជាក់ស្ដែងរបស់នាយកដ្ឋាន ការិយាល័យ និងអង្គភាពនានា នៅទីស្ដីការក្រសួង និងការកែសម្រួលតួនាទី ភារកិច្ចស្នងការដ្ឋាននគរបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សំដៅលើកកម្ពស់ ប្រសិទ្ធភាពការងារនៅគ្រប់ថ្នាក់។
លើមូលដ្ឋាននៃលិខិតបទដ្ឋានពាក់ព័ន្ធរចនាសម្ព័ន្ធ តួនាទី ភារកិច្ចដែលបានរៀបចំខាងលើ ក្រសួងកំពុងដឹកនាំដំណើរការវិភាគមុខងារ នៅគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យ អង្គភាពនានា សំដៅកំណត់ឲ្យបានជាក់លាក់ អំពីតម្រូវការមុខតំណែង និងតម្រូវការចំនួនក្របខ័ណ្ឌទាំរដ្ឋបាលស៊ីវិល និងនគរបាលជាតិ សម្រាប់រយៈពេលខ្លី និងរយៈពេលពីមធ្យមទៅរយៈពេលវែង ដើម្បីងាយស្រួលរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ព្រមទាំងការទប់ស្កាត់ការរីកប៉ោងនៃចំនួនក្របខ័ណ្ឌ និងការសន្សំសំចៃការចំណាយលើបន្ទុកបុគ្គលិក និងប្រតិបត្តិការដ្ឋបាល។ ទនឹ្ទមនេះ ក្រសួងក៏បានយកចិត្តទុកដាក់ធ្វើការបណ្ដុះបណ្ដាល កសាងសមត្ថភាពធនធាន មនុស្ស ទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ សំដៅធានារ៉ាប់រងភារកិច្ចស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ។
៦៖ ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈមការ យើងបានប្រមូលផ្ដុំយកចិត្ត ទុកដាក់ជាចម្បងទៅលើអនុវត្ត ការសម្រេចចិត្តខាងនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ទេរមុខងារ និងធនធានឲ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាដំណើរការស្នូលនៃកំណែទម្រង់នេះ បន្ទាប់ពីបានចំណាយពេលវេលាជិត១៥ឆ្នាំ ក្នុងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ការបណ្ដុះបណ្ដាល កសាងសមត្ថភាព និងការរៀបចំលិខិតបទដ្ឋានគតិយុទ្ធ ការកំណត់ដំណាក់កាល និងដំណើរការនានា សម្រាប់គាំទ្រដល់ដំណើរការផ្ទេរមុខងារ និងធនធាន។ ផ្អែកតាមបទពិសោធន៍ដែល យើងបានឆ្លងកាត់រយៈពេលជិត១៥ឆ្នាំ កន្លងទៅនេះ កំណែទម្រង់វិមជ្ឈមការ និងវិសហមជ្ឈការតែងតែជួបប្រទះបញ្ហប្រឈម ដោយសារតែកំណែទម្រង់នេះ តម្រូវឲ្យមានការកែសម្រួលប្រព័ន្ធរចនា ហិរញ្ញវត្ថុ ទ្រព្យសម្បិត្តិ ពីប្រព័ន្ធមជ្ឈការមកប្រព័ន្ធវិមជ្ឈមការ ដែលតម្រូវឲ្យមានការផ្លាស់ប្ដូរ ទម្លាប់ ផ្នត់គំនិតក្នុងការគ្រប់គ្រង ចាត់ចែង អនុវត្តន៍ការងារ។ ប៉ុន្ដែទៅះបីមានបញ្ហាប្រឈមយ៉ាងណាក្ដី យើងតែងតែខិតខំប្រឹងប្រែងអត់ធ្មត់ ធ្វើការសម្របសម្រួល ដើម្បីធានាឲ្យបានការយល់ដឹង មានការឯកភាពស្រុះស្រួលគ្នា សំដៅជំរុញដំណើរការកំណែទម្រង់នេះឲ្យវិវត្តន៍ទៅមុខជាជំហានៗ ដោយខិតខំតម្កល់ការសម្រេចចិត្ត ខាងនយោលបាយតាំពីដំណាក់កាលចាប់ផ្ដើម រហូតមកដល់បច្ចុប្បន្ន និងតទៅមុខទៀត។
៧៖ ក្រៅពីសមិទ្ធផលសំខាន់ៗ ខាងលើនេះហើយ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ទាំងរដ្ឋាបាលស៉ីវិល និងនគរបាលជាតិ ក៏ដូចជារដ្ឋាបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ បានពុះពារប្រឹងប្រែងរួមគ្នា សម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងការរក្សា ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ការគ្រប់គ្រងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានា ដែលកំពុងផ្ទុកអ្នកជាប់ឃុំឃាំង កំពុងកើនឡើងយ៉ាងគំហុក ការធ្វើអធិការកិច្ច ការធ្វើសវនកម្មផ្ទៃក្នុង ការងារផ្គត់ផ្គង់ភស្តុភារ មធ្យោបាយ សម្ភារ ថវិកា ព្រមទាំងសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ សំដៅធានាឲ្យក្រសួងមហាផ្ទៃ សម្រេចបាននូវសមិទ្ធផលនានាច្រើនក្នុងឆ្នាំ២០១៦។
សម្តេចក្រឡាហោម បានថ្លែងទៀតថា ទន្ទឹមនឹងសមិទ្ធផលនេះ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត តម្រូវឲ្យធ្វើការប្តេជ្ញាចិត្តចូលរួមដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តកម្មវិធីកំណែទម្រង់នានា ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សំដៅធានាឲ្យកម្ពុជា នៅតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់បន្តទៀត៕