មេខ្លោងគ្រឿងញៀន ថាវ ថាវី ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ និងចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន
22-02-2017 09:52
(ភ្នំពេញ)៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសមេខ្លោងគ្រឿងញៀន ថាវ ថាវី ដាក់ពន្ធនាគារចំនួន២០ឆ្នាំ និងចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម ព្រមទាំងសកម្មភាពជួញដូរគ្រឿងញៀនផ្សេងៗទៀត។
កន្លងទៅមេខ្លោងគ្រឿងញៀន ថាវ ថាវី ធ្លាប់ត្រូវបានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យដោះលែង រួចត្រូវបានចាប់មកវិញ តែក្រោយមកទៀត ត្រូវតុលាការផ្តន្ទាទោសតម្រឹមដោះលែងវិញដដែល។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោក កោ វណ្ឌី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ និងឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល។ ក្នុងនោះលោកចៅក្រម កោ វណ្ឌី ក៏បានផ្តន្ទាទោសឈ្មោះ ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀលផងដែរ ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថាវ ថាវី យកមកអនុវត្តទោសតាមច្បាប់។
មន្រ្តីជាន់ខ្ពស់ម្នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានលួចបង្ហើបថា បច្ចុប្បន្ននេះ មេខ្លោងគ្រឿងញៀន ថាវ ថាវី ក៏បាន និងកំពុងធ្វើសកម្មភាព ប៉ាវផ្តាច់ចែកចាយគ្រឿងញៀន នៅតំបន់ត្រពាំងឈូក ខណ្ឌសែនសុខផងដែរ តាមរយៈការប្រើបក្ខពួក និងដៃជើងរបស់គេ តែសមត្ថកិច្ចមិនដែលចាប់បាននោះឡើយ៕