(ភ្នំពេញ)៖ ក្រោយដើររហេតរហូតគ្មានទិសដៅ រហូតឈានទៅដល់ការឡើងឆូតក្រវ៉េមក្រវ៉ាម លើស្លាកគណបក្សប្រជាជនកម្ពុជា បុរសសរសៃប្រសាទម្នាក់ ត្រូវបានកម្លាំងនគរបាលល្បាត ចាប់ឃាត់ខ្លួនបញ្ជូនទៅសួរនាំ នៅអធិការដ្ឋានខណ្ឌមានជ័យ។ តាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យ បុរសម្នាកនោះ មានជំងឺសរសៃប្រសាទ តែបន្ទាប់ពីការសួរនាំទៅ អាចមានអ្នកនៅពីក្រោយខ្នងផងដែរ។
ការចាប់ឃាត់ខ្លួននេះ ត្រូវបានកម្លាំងនគរបាល ចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (យកផ្លែកាំបិតឆូតស្លាកគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ)។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បូក ធីតា ហៅដា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (យកផ្លែកាំបិតឆូតស្លាក គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ស្ទឹងមានជ័យ) តំណាងដោយឈ្មោះ ឈឺន សាគីម អាយុ៦៩ឆ្នាំ មេភូមិមានជ័យ១។
សម្ភារបាត់បង មានស្នាមដាច់រហែកស្លាក គណបក្សប្រជាជនកម្ពុជា អស់មួយចំនួន។ ផ្លែកំាបិតចំនួន២ ស្រោមផ្លែកាំបិតជ័រពណ៌ខៀវចំនួន១ មួកកាតិបពណ៌ប្រផេះ ប៉ាក់ឈ្មោះ បូក ធីតា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន៤សន្លឹក (ថតចម្លង៣សន្លឹក) ស្លាកឡូហ្គោរបស់ គណបក្សប្រជាជនកម្ពុជា ឆូតដាច់មួយចំនួន។
រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនសង្ស័យកំពុងតែសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕